ពលរដ្ឋជិត 200នាក់ នៅក្នុងរដ្ឋ Uttar Pradesh នៃប្រទេស ឥណ្ឌា បាននាំគ្នារត់ពួន ក្នុងនោះមានអ្នកខ្លះលោតចូលទឹកទន្លេ នៅពេលក្រុមមន្ត្រីសុខាភិបាលមកចាក់វ៉ាក់សាំងបង្ការវីរុសCovid-19។
ដើម្បីអាចគ្រប់គ្រងបញ្ហាឆ្លង Covid-19 អាជ្ញាធររដ្ឋឥណ្ឌា បានអំពាវនាវជាបន្តបន្ទាប់ ឱ្យពលរដ្ឋដែលមានអាយុចាប់ពី 18ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ចាប់ពីថ្ងៃទី1 ខែឧសភា ឆ្នាំ2021។
ប៉ុន្តែ យោងតាមសារព័ត៌មាន Sputnik កាលពីចុងសប្ដាហ៍កន្លង នៅក្នុងភូមិ Sisaunda (រដ្ឋ Uttar Pradesh) មានហេតុការណ៍ដ៏ធំមួយបានកើតឡើង នៅពេលប្រជាជនជិត 200នាក់ បានរត់ចេញពីផ្ទះសម្បែង ហើយមានអ្នកខ្លះថែមទាំងលោតចូលទឹកទន្លេទៀតផង នៅពេលក្រុមបុគ្គលិកសុខាភិបាលមកចាក់វ៉ាក់សាំង។ មូលហេតុដែលត្រូវបានពលរដ្ឋទាំងនោះលើកឡើង នោះគឺថា ពួកគេមិនចង់ត្រូវគេចាក់ «សារធាតុពុល» ចូលក្នុងខ្លួន ដែលនេះគឺសំដៅលើវ៉ាក់សាំងបង្ការ Covid-19។
ក្រុមប្រជាពលរដ្ឋនៅក្នុងភូមិ Sisaunda បានស្នើឱ្យក្រុមបុគ្គលិកសុខាភិបាល ចាកចេញពីភូមិរបស់ពួកគេ។ ក្រុមបុគ្គលិកសុខាភិបាល បាននាំគ្នាពន្យល់ ណែនាំ និងបញ្ចុះបញ្ចូល ប៉ុន្តែប្រការនេះបានធ្វើឱ្យមានបញ្ហាច្របូកច្របល់។ ពលរដ្ឋជាច្រើននាំគ្នារត់គេច និងលោតចូលទន្លេ Sarayu ដែលនៅក្បែរភូមិ ក្នុងបំណងគេចពីការចាក់វ៉ាក់សាំង។
ភូមិ Sisaunda នៃទីរួមស្រុក Ramngar ក្នុងស្រុក Sisaunda បច្ចុប្បន្នមានពលរដ្ឋរស់នៅប្រមាណ 1,700នាក់ ដែលភាគច្រើនមិនចេះអក្សរ។ ពួកគេមានការសង្ស័យលើការចាក់វ៉ាក់សាំង។ មន្ត្រីមួយរូបប្រចាំតំបន់ Ramnagar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik កាលពីថ្ងៃទី24 ខែឧសភាថា៖ «យើងមិនអាចចាប់ខ្លួន ឬឃុំខ្លួនពួកគេ ព្រោះតែការខ្លាចវ៉ាក់សាំង។ យើងនឹងបង្កើនការអប់រំ ដើម្បីឱ្យមានការយល់ដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង»។
Gulshan Kumar ដែលជានិស្សិតមួយរូបកំពុងសិក្សាផ្នែកចក្ខុវិញ្ញាណនៅ Ramnagar និយាយថា ក្នុងភូមិខាងលើ មិនទាន់មានករណីឆ្លង Covid-19 ណាមួយនៅឡើយ។ «ពលរដ្ឋយល់ថា មានតែអ្នកបានឆ្លងវីរុសប៉ុណ្ណោះ ទើបគួរត្រូវចាក់វ៉ាក់សាំង។ អ្នកភូមិមិនយល់សោះថា ហេតុអ្វីបុគ្គលមិនឆ្លងក៏ត្រូវចាក់វ៉ាក់សាំង»។
ទន្ទឹមនឹងនេះ ព័ត៌មានដែលនិយាយពីមាត់មួយ ទៅមាត់មួយ នៅក្នុងភូមិគឺវា «លឿនជាងល្បឿនពន្លឺទៅទៀត»។ និស្សិតវ័យ 22ឆ្នាំរូបនេះពន្យល់ថា៖ «នៅក្នុងភូមិ និងទីរួមស្រុកដែលនៅក្បែរខាង មានករណីឆ្លងវីរុសក្រោយពេលបានចាក់វ៉ាក់សាំង ហើយជាងនេះក៏មានករណីស្លាប់ជាហូរហែនៅពាសពេញផ្ទៃប្រទេស បន្ទាប់ពីបានចាក់វ៉ាក់សាំង Covid-19។ ពលរដ្ឋបានយកដំណឹងនេះ និយាយប្រាប់តៗគ្នា ធ្វើឱ្យកើតមានបញ្ហា «ក្បែកមួយជាក្អែកដប់» ដែលនេះគឺជាមូលហេតុនាំឱ្យប្រជាជនក្នុងភូមិខ្លាចវ៉ាក់សាំងដល់ថ្នាក់នេះ»។
នៅពេលឃើញប្រជាជននាំគ្នាលោតចូលទឹកទន្លេ ដោយសារតែខ្លាចវ៉ាក់សាំង Rajiv Kumar Shukla ដែលជាមន្ត្រីមួយរូបនៅតំបន់ Ramnagar ក៏បានទៅដល់មាត់ទន្លេ និងពន្យល់ លើកទឹកចិត្ត។ ក្រោយមក ក៏មានពលរដ្ឋចំនួន 18នាក់ បានស្ម័គ្រចិត្តចុះឈ្មោះទទួលយកការចាក់វ៉ាក់សាំង។
យោងតាមក្រសួងសុខាភិបាលឥណ្ឌា ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី24 ខែឧសភា ប្រទេសនេះបានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ជាង 222,000នាក់ទៀត នាំឱ្យតួលេខអ្នកឆ្លងសរុប មកដល់ថ្ងៃទី25 ខែឧសភានេះ បានកើនឡើងដល់ជាង 26.9លាននាក់ ក្នុងនោះមាន 307,249នាក់បានស្លាប់, 24,054,861 នាក់ បានជាសះស្បើយ និង 2,586,764នាក់ កំពុងទទួលការព្យាបាល៕
ប្រភព៖ Sputnik
ប្រែសម្រួល៖ បុត្រា