ការចង់មានរូបរាងស្អាត ធ្វើឱ្យមនុស្សជាច្រើនប្រយ័ត្នប្រយែងជាពិសេសក្នុងការទទួលទានអាហារ តែបើសិននៅក្នុងរាត្រីជប់លៀង ដែលអាចភ្លេចខ្លួនញ៉ាំច្រើន រហូតលើសកំណត់នោះ សូមកុំបាច់បារម្ភអី យើងមានអាហារណែនាំ ទាំងទទួលបានគុណប្រយោជន៍ ទាំងឆ្អែតពោះជាមួយគ្នាផង មកជម្រាបជូន។
ញ៉ាំទឹកក្រូចស្រស់ច្របាច់ មានវិតាមីន ដែលជួយក្នុងការបឺតជញ្ជក់សារធាតុអាហារសំខាន់ៗ បើទទួលទានបែបផ្លែស្រស់ៗវិញ នឹងមានកាកសរសៃអាហារធម្មជាតិ ជួយគ្រប់គ្រងទម្ងន់ខ្លួន ព្រោះនឹងធ្វើឱ្យមានអារម្មណ៍ថា ឆាប់ឆ្អែត។
ទទួលទានអាហារ ពពួកធញ្ញជាតិ អាចទទួលទាននៅពេលព្រឹក(បើគ្មានពេលញ៉ាំបាយ) ធញ្ញជាតិទាំងអស់នេះសម្បូរទៅដោយកាកសរសៃ វីតាមីន និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរីផ្សេងៗ ប្រព័ន្ធរំលាយអាហារ នឹងរំលាយយឺតៗចូលទៅក្នុងរាងកាយ ធ្វើឱ្យមានអារម្មណ៍ថាឆ្អែតពោះបានយូរ។
ទំពាអាហារយឺតៗ ព្រោះការទទួលទានអាហារលឿនៗ នឹងធ្វើឱ្យយើងញ៉ាំអាហារលើសកំណត់ដោយមិនដឹងខ្លួនបាន ក្រៅពីនេះ គួរចៀសវាងការទទួលទានអាហារក្រោយម៉ោង 6ល្ងាច ឬពេលកណ្តាលយប់។
ញ៉ាំបន្លែ-ផ្លែឈើ ព្រោះបន្លែនឹងផ្តល់នូវថាមពលតិច តែផ្តល់នូវសារធាតុអាហារច្រើន ចំណែកផ្លែឈើ ចូរជ្រើសរើសញ៉ាំផ្លែឈើណា ដែលផ្តល់ថាមពលទាប ដូចជា ផ្លែត្របែក ស្វាយ ជម្ពូ ឪឡឹក ឃែនតាឡូប និងចៀសវាងផ្លែឈើណាដែលផ្អែមខ្លាំង។
ធ្វើចលនារាងកាយ ក្រោយពេលឈប់ធ្វើការ លោកអ្នកអាចបញ្ចេញញើស ដោយការដើរលេង ឬរត់ បើសិនជាមានពេល អាចលេងកីឡាណា ដែលចូលចិត្ត ប្រមាណជាកន្លះម៉ោង ទៅ 1ម៉ោងក៏បាន។
ហើយបើសិនថ្ងៃណា ភ្លេចខ្លួនញ៉ាំច្រើនជ្រុលនោះ អាចកាត់បន្ថយមកវិញ ដោយបរិមាណអាហារឱ្យតិចជាងសព្វដងនៅថ្ងៃបន្ទាប់ តែកុំអត់អាហារ ព្រោះវាអាចធ្វើឱ្យញ៉ាំច្រើនលើសដើមនៅពេលក្រោយ។ កំណត់បរិមាណ និងកាល់ឡូរី រួមទាំងការហាត់ប្រាណផង ព្រោះទាំងអស់នេះ សុទ្ធតែជួយឱ្យមិនធាត់បានទាំងអស់៕