អ្នកស្រាវជ្រាវជាច្រើនរូប នៃវិទ្យាស្ថានវីរុសសាស្ត្រ Wuhan ធ្លាប់បានចូលពេទ្យទទួលការព្យាបាល កាលពីខែវិច្ឆិកា ឆ្នាំ2019 ដែលនេះបានកើតឡើងជាច្រើនខែ មុនពេលប្រទេសចិន ប្រកាសថាមាន Covid-19។
ព័ត៌មានខាងលើនេះ ត្រូវបានសារព័ត៌មាន Wall Street Journal (WSJ) របស់សហរដ្ឋអាមេរិក ចុះផ្សាយកាលពីថ្ងៃទី23 ខែឧសភាកន្លងទៅ ដោយដកស្រង់ប្រភពព័ត៌មានពីអ្នកស៊ើបការណ៍សម្ងាត់របស់អាមេរិក។ របាយការណ៍បានផ្ដល់ព័ត៌មានថ្មីស្ដីពីចំនួនអ្នកវិទ្យាសាស្ត្រដែលធ្លាប់បានធ្លាក់ខ្លួនឈឺ រួមនឹងពេលវេលានៃការឆ្លងជំងឺ និងចំនួនលើកដែលពួកគេបានទៅវិទ្យាស្ថានរបស់ពួកគេ។ ព័ត៌មាននេះ អាចធ្វើឱ្យការអំពាវនាវឱ្យមានការស៊ើបអង្កេតស៊ីជម្រៅជាងបច្ចុប្បន្ន លើលទ្ធភាពដែលថា វីរុសCovid-19 បាន «រួចចេញ» ពីបន្ទប់ពិសោធន៍នៅប្រទេសចិន ដែលកន្លងមក ត្រូវបានអាជ្ញាធររបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដាក់ការសង្ស័យ ហើយវាក៏ជាប្រការដែលទីក្រុងប៉េកាំង បានច្រានចោលម្ដងហើយ ម្ដងទៀត។
នៅពេលប្រធានាធិបតី Trump ជិតអស់អាណត្តិ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសឯកសារដែលបង្ហាញថា «រដ្ឋាភិបាលអាមេរិក មានមូលហេតុដើម្បីជឿបានថា អ្នកស្រាវជ្រាវមួយចំនួននៅវិទ្យាស្ថានវីរុសសាស្ត្រ Wuhan បានធ្លាក់ខ្លួនឈឺកាលពីរដូវស្លឹកឈើជ្រុះនៃឆ្នាំ2019 មុនពេលករណីឆ្លង Covid-19 ដំបូង ត្រូវបានគេដឹង ជាមួយនឹងអាការរោគដូចទៅនឹង Covid-19 និងជំងឺតាមឆ្លងតាមរដូវ ផ្សេងៗទៀត»។
ព័ត៌មានខាងលើនេះ ត្រូវបានសារព័ត៌មាន WSJ ចេញផ្សាយនៅយប់ មុនកិច្ចប្រជុំមួយរបស់ស្ថាប័នចេញសេចក្ដីសម្រេចរបស់អង្គការសុខភាពពិភពលោក (WHO) ដែលតាមគម្រោងនឹងពិភាក្សាលើដំណាក់កាលបន្ទាប់នៃការស៊ើបអង្កេតរកប្រភពរបស់ Covid-19។
អ្នកនាំពាក្យម្នាក់របស់ក្រុមប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិក មិនបានអធិប្បាយអ្វីចំពោះព័ត៌មានដែល WSJ បានចេញផ្សាយ ប៉ុន្តែ បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Joe Biden បន្តចោទសួរនូវ «សំណួរប្រកបដោយភាពម៉ឺនម៉ាត់ អំពីដំណាក់កាលដំបូងនៃជំងឺរាតត្បាត Covid-19 រួមទាំងប្រភពរបស់វានៅប្រទេសចិន»។ អ្នកស្រីឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយនឹង WHO និងបណ្ដាប្រទេសជាសមាជិកផ្សេងទៀត ដើម្បីធានាថា ការវាយតម្លៃនេះនឹងត្រូវបានធ្វើឡើងប្រកបដោយវិជ្ជាជីវៈ ស្ដីពីប្រភពរបស់មហារោគរាតត្បាត ដោយ «មិនត្រូវបានភាគីណាមួយរារាំង ឬធ្វើនយោបាយូបនីយកម្ម»។
«យើងនឹងមិនប្រកាសអំពីអ្វីមួយដែលប៉ះពាល់ដល់ដំណើរការស្រាវជ្រាវលើប្រភព Covid-19 ដែល WHO កំពុងធ្វើ ប៉ុន្តែយើងបាននិយាយហើយថា សម្មតិកម្មដែលគួរជាទីទុកចិត្ត គួរតែត្រូវបានក្រុមអ្នកជំនាញអន្តរជាតិ វាយតម្លៃឱ្យបានម៉ត់ចត់»។
សហរដ្ឋអាមេរិក, ន័រវែស, កាណាដា, អង់គ្លេស និងប្រទេសមួយចំនួន កាលពីខែមីនា បានសំដែងការព្រួយបារម្ភអំពីការស្រាវជ្រាវលើប្រភព Covid-19 ដែលដឹកនាំដោយ WHO ព្រមទាំងបានអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែម និងប្រមូលរាល់ទិន្នន័យទាក់ទិននឹងមនុស្ស សត្វ និងទិន្នន័យផ្សេងទៀត ស្ដីពីដំណាក់កាលដំបូងនៃការផ្ទុះឆ្លង Covid-19។ ទីក្រុងវ៉ាស៊ីងតោន ចង់ឱ្យមានការធានាលើកិច្ចសហការ និងតម្លាភាពជាងបច្ចុប្បន្ន ពីសំណាក់ទីក្រុងប៉េកាំង។
បច្ចុប្បន្ន ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីងតោន មិនទាន់មានការអធិប្បាយអ្វីទាក់ទិននឹងការបញ្ចេញមតិខាងលើនេះនៅឡើយ។
ក្រសួងការបរទេសចិន កាលពីម្សិលមិញ បានបញ្ជាក់ថា អ្នកជំនាញការមួយក្រុមដែលដឹកនាំដោយ WHO បានសន្និដ្ឋានថា លទ្ធភាពដែលវីរុសរួចចេញពីបន្ទប់ពិសោធន៍ គឺជារឿងដ៏លំបាក បន្ទាប់ពីពួកគេបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានវីរុសសាស្ត្រ Wuhan កាលពីខែកុម្ភៈ។
ក្រសួងការបរទេសចិន បានប្រាប់ WSJ ថា៖ «សហរដ្ឋអាមេរិក បន្តបំប៉ោងសេណារីយោ វីរុសរួចចេញពីបន្ទប់ពិសោធន៍។ តើពួកគេពិតជាយកចិត្តទុកដាក់លើការស្វែងរកប្រភព ឬព្យាយាមបង្វែរចំណាប់អារម្មណ៍?»។
សូមរំលឹកថា ប្រទេសចិន កាលពីខែកុម្ភៈ បានបដិសេធផ្ដល់ទិន្នន័យដើមទាក់ទិននឹងករណី Covid-19 ដំបូងៗរបស់ខ្លួន ដែល WHO ស្នើសុំ នៅក្នុងការស្រាវជ្រាវរកប្រភពនៃវីរុសនេះ។ នេះបើតាមអ្នកជំនាញមួយរូបរបស់ក្រុមស្រាវជ្រាវនៃអង្គការសុខភាពពិភពលោក។ ប្រការនេះអាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំក្នុងការស្វែងយល់អំពីវិធីដែលវីរុសបានផ្ទុះឆ្លងរាលដាលដំបូង៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា