ឡារ៉ែន ធ្លាប់ណែនាំវិធីពង្រាបក្បាលពោះ សម្រាប់នារីៗ មកច្រើនណាស់ហើយ ពេលនេះសូមណែនាំ វិធីពង្រាបក្បាលពោះ ដល់បុរសៗយើងម្តង តើមានវិធីអ្វីខ្លះ សូមតាមដានដូចតទៅ៖
- រាងកាយមិនអាចជ្រើសរើសកម្ចាត់ចំពោះតែខ្លាញ់ ដែលកកច្រើននៅក្នុងក្បាលពោះបានទេ អ្នកត្រូវតែជំរុញការដុតបំផ្លាញជាតិខ្លាញ់ទូទាំងរាងកាយ ដែលអាចធ្វើបានដោយងាយ តាមរយៈការធ្វើចលនាគ្រប់ពេលវេលា ពេញ 1ថ្ងៃ ដូចជាដើរឡើងចុះជណ្តើរ ជំនួសការឡើងចុះតាមជណ្តើរយន្ត ឬចតរថយន្តនៅឆ្ងាយ ហើយដើរយ៉ាងលឿន ដើម្បីទៅឱ្យទាន់ម៉ោងចូលធ្វើការ ឬទិញទឹកបរិសុទ្ធ 2ដបធំៗ យួរនៅដៃទាំងសងខាង ពេលដើរទិញអីវ៉ាន់ជាមួយគូស្នេហ៏ និងបើនាងមានកន្លែងធ្វើការនៅជិត ចូរសាកល្បងកុំទូរស័ព្ទទៅរក តែប្រើវិធីដើរទៅរកនាងវិញ គឺជាការដុតបំផ្លាញជាតិខ្លាញ់ បានសព្វក្នុងរាងកាយ។
- ការងារស្រាវជ្រាវមួយបានអះអាងថា ជាតិខ្លាញ់នឹងរំលាយខ្លួនបានយ៉ាងងាយ បើស្ថិតក្នុងបរិយាកាសជុំវិញខ្លួនដែលត្រជាក់ ដូច្នេះអំឡុងពេលសម្រកក្បាលពោះ អ្នកអាចត្រូវតមការស្ទីមសៅណា ឬស្ទីមខ្លួនប្រហែល 1ខែ ដោយងាកមកងូតទឹកត្រជាក់ ក្រោយការហាត់ប្រាណវិញម្តង។
- ស្រា និងភេសជ្ជៈប៉ូវកម្លាំង មានឥទ្ធិពលធ្វើឱ្យក្បាលពោះរបស់អ្នកប៉ោងបាន ដូច្នេះចាប់ផ្តើមចាត់ការបញ្ហាទាំងនេះ ចាប់ពីថ្ងៃនេះទៅតែម្តង (កុំចាំយូរ)។
- ឆាប់ចូលគេង បិទភ្លើង តមមើលទូរទស្សន៏មុនគេង ហាត់តាំងសមាធិ ដើម្បីការគេងលក់ដ៏ល្អឥតខ្ចោះ នេះ គឺជាកូនសោសំខាន់ ដែលពន្លឿនការដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងឆាប់រហ័ស។
- ទទួលទានអាហារពេលល្ងាចឱ្យរួច យ៉ាងតិច 4ម៉ោង មុនពេលចូលគេង ព្រោះវាមានផលដល់ការហូរចេញនូវហ្គ្រោថ៍អ័រម៉ូន ដូច្នេះចូររៀបចំអាហារពេលល្ងាចឱ្យបានលឿនជាងមុន តមពិធីជប់លៀង ឬអាហារប៊ុហ្វហ្វេពេលយប់ (ភ្លេចៗខ្លួនចុងខែ អាចនៅសល់លុយទិញខោថ្មីមួយស្វាគមន៏ក្បាលពោះរាបស្មើ និងចង្កេះរួមតូចរបស់អ្នក បានទៀតផង)។
- គ្រប់គ្រងការធ្វើការងាររបស់ប្រអប់មាត់របស់អ្នក នៅរាល់ពេលបាយ…ការបរិភោគអាហារពេលព្រឹក នឹងជួយគ្រប់គ្រងដល់បរិមាណអាហារក្នុងពេលបន្ទាប់មកទៀត និងគួរជ្រើសរើសបរិភោគអាហារ ឱ្យបានគ្រប់ប្រភេទក្រុម រៀងរាល់ពេលបាយ បើសិនជាអាចទៅរួច។
- កុំរវល់តែចាត់ការរឿងក្បាលពោះតែម្យ៉ាងនោះ អ្នកត្រូវជំរុញការដុតបំផ្លាញជាតិខ្លាញ់ ទូទាំងរាងកាយផងដែរ។ អ្នកជំនាញខាងលំហាត់ប្រាណបំបាត់ជាតិខ្លាញ់ក្នុងរាងកាយ បាននិយាយថា ការហាត់ប្រាណដោយសង្កត់ធ្ងន់លើសាច់ដុំភ្លៅ និងត្រគាក គឺជាការជំរុញការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ បានយ៉ាងល្អបំផុត។
- មិនចាំបាច់ពង្រឹងសាច់ដុំក្បាលពោះរាល់ថ្ងៃនោះទេ តែចូរសាកល្បងរៀបចំប្រូក្រាម ពង្រឹងសាច់ដុំក្បាលពោះ 2-3ឈុត ទុកជាមុន ក្នុងរយៈពេលប្រមាណ 2សប្តាហ៏។ ធ្វើឆ្លាស់គ្នានឹងការធ្វើលំហាត់ប្រាណលើអវយវៈដទៃទៀត ដោយការហាត់ដ៏សមល្មម អាចធ្វើឱ្យសាច់ដុំ មានពេលវេលាពង្រឹងខ្លួនបានខ្លះ ទើបប្រសើជាង និងថែមទាំងធ្វើឱ្យសាច់ដុំក្បាលពោះកើតឡើង បានលឿនទៀតផង។
- ចំណុចខ្សោយ ដែលធ្វើឱ្យកើតមានក្បាលពោះធំជានិច្ចនោះគឺ អ្នកចូលចិត្តឈរខ្នងកោង ធ្វើឱ្យសាច់ក្បាលពោះ មើលទៅក្លាយជាគំនរខ្លាញ់គួរឱ្យភ័យខ្លាច ទោះជាមិនធាត់ក៏ដោយ។ ការឈរខ្នងត្រង់ ពើងទ្រូង នឹងជួយជំរុញសាច់ដុំក្បាលពោះឱ្យតឹងរាល់ពេលវេលា។ ចូរហ្វឹកហាត់ឈរ ដើរ និងហាត់ប្រាណក្នុងឥរិយាបថខ្នងត្រង់ជានិច្ច នឹងធ្វើឱ្យអ្នកមានរាងសង្ហាតាំងពីលើដល់ក្រោម។
- ក្បាច់ហាត់ប្រាណពង្រាបក្បាលពោះ ដែលគេនិយមជាងគេបំផុតនោះ គឺក្បាច់គេងលើកជើងទាំង2 ផ្អឹបគ្នា បណ្តែតជង្គង់ ងើបក្បាល ដែលហៅថា Abs Crunch with Leg Lift៕