កុមារនៅក្នុងអាយុ 1 – 3ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែលយើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាចរត់បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូច ត្រូវធ្វើជាប្រចាំក្នុង 1ថ្ងៃៗដែរ។ គ្រោងសាងរាងកាយ ដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពាលេបរបស់កូន ឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈមួយ ដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ” ដូច្នេះដើម្បីជួយឱ្យកូនតូច មានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារធាតុអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទីយ៉ាងសំខាន់ ចំពោះរាងកាយខ្លាំងសម្បើមណាស់។
“កាល់ស្យូម” គឺជាសារធាតុអាហារ ប្រភេទអំបិលរ៉ែ 1ប្រភេទ ដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិសេសនៅក្នុងឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំកាល់ស្យូម ដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូមគឺ នាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសសៃសក់ឱ្យរឹងមាំ ក្រៅពីនេះ នៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការពង្រឹងខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការបញ្ចេញរបស់អ័រម៉ូន។
តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម?
កុមារដែលទទួលបានជាតិកាល់ស្យូម មិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង និងកម្រាស់ របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ ដើរ នឹងដំណើរការលូតលាស់ទៅមុខ យ៉ាងយឺតយ៉ាវ។ ក្រៅពីនេះ គ្រោងសាងឆ្អឹងដែលទន់ខ្សោយ នឹងបង្កឱ្យកើតមានភាពខុសប្រក្រតី ខាងរាងកាយបានដូចជា ក្លាយជាកុមារជើងកោង-ង និងខ្លួនទាបតឿខុសប្រក្រតីជាដើម។
តើកាល់ស្យូមនៅឯណា…រកញ៉ាំបាននៅទីណា?
– ទឹកដោះ និងផលិតផលដែលធ្វើអំពីទឹកដោះ ដូចជា ឈីស ប៊័ររឹង ប៊័រស្រស់ យ៉ាអួ អៃស្គ្រីម -ល- ព្រោះទឹកដោះស្រស់ គឺជាប្រភពអាហារដ៏កំពូល ដែលមានកាល់ស្យូមច្រើនបំផុត ដូច្នេះទើបចាំបាច់ខ្លាំងណាស់ ដែលកុមារត្រូវតែញ៉ាំទឹកដោះស្រស់ ឱ្យបានយ៉ាងហោចណាស់ 1ថ្ងៃ 2 កែវ។
– គ្រាប់ធញ្ញជាតិ គ្រាប់សណ្តែកស្ងួត និងផលិតផល ដែលធ្វើពីគ្រាប់សណ្តែក ដូចជា តៅហ៊ូ ទឹកសណ្តែកលឿង សៀង គ្រាប់ល្ង-ស ខ្មៅ គ្រាប់សណ្តែកក្រហម-ខៀវ គ្រាប់អាល់ម៉ុន គ្រាប់ឈូក និងគ្រាប់ផ្កាឈូករត្នជាដើម។
– សាច់សត្វដែលញ៉ាំទាំងមូល ឬទាំងឆ្អឹង ដូចជា ត្រីតូចៗ កម្ពិស បង្គា បង្គាក្រៀម ត្រីខកំប៉ុង។ល។
– បន្លែស្លឹកបៃតង ដូចជា ខាត់ណា ស្ពៃចង្កឹះ ប្រូកខូលី ស្លឹកបាស ផ្លែប្រពាយ សណ្តែកហោឡាន់តាវ ត្រប់ពុតលំញង។ល។
នៅពេលបានដឹងបែបនេះហើយ សមាជិកនៅក្នុងគ្រួសារទាំងអស់ សូមកុំភ្លេចបន្ថែមជាតិកាល់ស្យូម ឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ ឱ្យបានជាប់ជានិច្ច ព្រោះមិនថា ស្ថិតក្នុងវ័យណាក៏ដោយ ក៏កាល់ស្យូមនៅតែជាសារធាតុរ៉ែដ៏សំខាន់មួយ ដែលទាំងកុមារ និងមនុស្សចាស់នៅតែចាំបាច់ត្រូវតែទទួលបាន ជារៀងរាល់ថ្ងៃ៕