ផ្លែឈើរសជាតិជូរអែម ដូចជាផ្លែទំពាំងបាយជូរ និងផ្លែប្ល៊ូប៊ើរី គឺជាប្រភពនៃវិតាមីនC ដែលជួយធ្វើឱ្យរាងកាយរបស់យើងស្រស់ថ្លា ស្វាហាប់ តែគុណប្រយោជន៍របស់ផ្លែឈើទាំង 2ប្រភេទនេះ មិនមែនមានតែត្រឹមប៉ុណ្ណឹងទេ ព្រោះតាមរយៈការសិក្សាស្រាវជ្រាវ ដោយក្រុមអ្នកវិភាគនៃមហាវិទ្យាល័យ ស៊ិនស៊ិនណេទិ សហរដ្ឋអាមេរិក បានរកឃើញថា ផ្លែទំពាំងបាយជូរ ពូជខុងខត និងផ្លែប្ល៊ូប៊ើរីព្រៃ អាចជួយធ្វើឱ្យការចងចាំរបស់មនុស្ស កាន់តែល្អប្រសើរឡើងបានទៀតផង។
ក្រុមអ្នកវិភាគស្រាវជ្រាវ បានធ្វើការសិក្សាលើមនុស្សចំណាស់ 2ក្រុម ដែលមានបញ្ហារឿងការចងចាំតាមអាយុ ដោយបានរកឃើញថា ក្រុមមនុស្សវ័យចំណាស់ 12នាក់ ដែលបានទទួលទានទឹកផ្លែទំពាំងបាយជូរខុងខតជាប់ជាប្រចាំ រយៈពេល 3ខែ ចាប់ផ្តើមមានការចងចាំល្អប្រសើរឡើង ព្រោះទឹកផ្លែទំពាំងបាយជូរខុងខត មានផលល្អដល់ការបញ្ជូនសញ្ញានៃប្រព័ន្ធប្រសាទ ជំរុញការចងចាំ រួមទាំងមានសារធាតុផូលីហ្វ៊ីណុល ដែលមានគុណសម្បត្តិជួយប្រឆាំងសារធាតុរ៉ាឌីកាល់សេរី និងប្រឆាំងនឹងការក្លាយរោគបានទៀតផង។
ឯក្រុមមនុស្សវ័យចំណាស់ 9នាក់ ដែលបានទទួលទានទឹកផ្លែប្ល៊ូប៊ើរី ជាប់ៗគ្នារយៈពេល 3ខែដែរនោះ ក្រុមអ្នកស្រាវជ្រាវ រកឃើញថា ការចងចាំ ចាប់ផ្តើមប្រែប្រួលទៅក្នុងផ្លូវវិជ្ជមាន ព្រោះសារធាតុអ៊ែនថូសៃយ៉ានីន នៅក្នុងផ្លែប្ល៊ូប៊ើរីព្រៃ បានទៅជួយបង្កើនសញ្ញាសរសៃប្រសាទបរិវេណខួរក្បាលផ្នែកកណ្តាល និងកាត់បន្ថយអត្រានៃការចុះខ្សោយរបស់សរសៃប្រសាទផងដែរ។ តាមរយៈការងារស្រាវជ្រាវវិភាគទាំង 2រឿងនេះ ធ្វើឱ្យទទួលបានចំណុចសរុបមួយថា ទឹកផ្លែទំពាំងបាយជូរ និងទឹកផ្លែប្ល៊ូប៊ើរី មិនមែនគ្រាន់តែទទួលទាន ដើម្បីឱ្យបាត់ស្រេកទឹកប៉ុណ្ណោះទេ តែនៅបានជួយរឿងខួរក្បាល និងការចងចាំបានទៀតផង៕