ចង់ក្លាយជានារី ដែលមើលទៅស្អាត មានមន្តស្នេហ៏តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើង ដែលត្រូវពាក់ដើររាល់ថ្ងៃឱ្យសោះ ជាពិសេសក្នុងរយៈពេលមានគភ៌ ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួន ដែលកាន់តែកើនឡើងជារឿយៗ រហូតគួរឱ្យអាណិត ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់ស្ត្រីមានផ្ទៃពោះ ដែលត្រូវពាក់ឱ្យសប្បាយស្រួលជើង និងមានសុវត្ថិភាព គឺជារឿងសំខាន់ណាស់។
ការជ្រើសរើសស្បែកជើង សម្រាប់ទៅធ្វើការងារក្រៅផ្ទះ
-ស្ត្រីមានគភ៌ គួរជ្រើសរើសពាក់ស្បែកជើង ដែលគ្មានកែង ដើម្បីការពារ ទាំងការរអឹលដួល និងការឈឺខ្នង ឈឺចង្កេះផង។
-ជ្រើសរើសពាក់ស្បែកជើងណា ដែលស័ក្តិសមនឹងរូបរាងជើងរបស់ខ្លួន អាចទទួលទ្រទម្ងន់ខ្លួន និងទប់ទល់នឹងការប៉ះទង្គិចបានយ៉ាងល្អ។
-កុំជ្រើសរើសយកស្បែកជើងតាមលេខ ដែលធ្លាប់ពាក់ដោយមិនបានពាក់ល ព្រោះទំហំជើងអាចប្រែប្រួល និងនៅពេលពាក់ គួរទុកឱ្យនៅសល់ចន្លោះ រវាងចុងម្រាមជើង និងស្បែកជើងប្រវែង 1សង្ទីម៉ែត្រ។
-ពិនិត្យមើលបាតស្បែកជើងណា ដែលតោងស្អឹតនឹងកម្រាលឥដ្ឋ ជ្រើសរើសយកពណ៌ ដែលលេចច្បាស់ជាងសម្លៀកបំពាក់ ដែលពាក់ទៅធ្វើការ និងមើលទៅឃើញសមជាអ្នកធ្វើការផង។
.បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង ។
-ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណា ដែលពិបាកពាក់ពេលទៅធ្វើការ ដូចជាស្បែកជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះ ដែលធ្វើឱ្យត្រូវអោនងើបៗនៅពេលពាក់ ឬពេលដោះ។
ការជ្រើសរើសស្បែកជើងពាក់ធ្វើការនៅផ្ទះ
-ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំ ដូច្នេះគួរជ្រើសរើសពាក់ស្បែកជើងណា ដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ជាដើម។
-ជ្រើសរើសបែបម៉ូដ ដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត ផ្នែកធំបំផុតរបស់ស្បែកជើង និងបាតជើង គួរតែឱ្យមានទំហំប៉ុនគ្នា។
-ជ្រើសរើសពាក់ស្បែកជើងណា ដែលមានបាតតោងស្អឹតនឹងកម្រាលឥដ្ឋ មិនងាយរអឹល បាតខាងក្នុងទន់ ទប់ទល់នឹងការប៉ះបុកបាន ដើម្បីកាត់បន្ថយការឈឺជង្គង់ ឈឺកជើង។
-ជាធម្មតា បាតជើងច្រើនតែមានទំហំខុសគ្នា ដូច្នេះគួរវាស់បាតជើងទាំងសងខាងជាមុនសិន មុននឹងទិញ ដោយរើសយកតាមខ្នាតជើងដែលធំ។
-ជ្រើសរើសពាក់ស្បែកជើងណា ដែលយឺតយារ ពង្រីកខ្លួនតាមរូបរាងបាតជើងបានល្អ កុំទិញស្បែកជើងដែលរឹបណែនខ្លាំង ដោយសារតែគិតថា ពាក់យូរទៅវាគង់តែយារនោះឡើយ។
-តមពាក់ស្បែកជើងកែងចោត ព្រោះអាចប្រឈមនឹងការជំពប់ជើងដួល និងធ្វើឱ្យឈឺខ្នងទៀតផង។
-បើចង់ឱ្យល្អ គួរជ្រើសរើសពាក់ស្បែកជើងសុខភាព ដែលផលិតឡើង ដើម្បីទ្រទម្ងន់របស់ជើង និងបាតជើងរបស់ស្ត្រីមានគភ៌ជាពិសេស។
-ពេលវេលាដ៏សមស្រប ដែលអ្នកម្តាយគួរទិញស្បែកជើង គឺពេលថ្ងៃរសៀល ព្រោះពេលនេះជើងនឹងហើម និងរីកធំជាងពេលធម្មតា៕