អ៊ីតាលី៖ នារីវ័យ23ឆ្នាំម្នាក់ ត្រូវចូលតាមដានសុខភាពនៅមន្ទីរពេទ្យមួយក្នុងតំបន់ Tuscany បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ Pfizer រហូតដល់ 6ដូស ព្រោះតែការច្រឡំ។
ហេតុការណ៍នេះបានកើតឡើងនៅឯមន្ទីរពេទ្យមួយនៅក្នុងតំបន់ Tuscany ភាគកណ្ដាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃទី9 ខែឧសភា នៅពេលដែលគិលានុបដ្ឋាក បានចាក់វ៉ាក់សាំងអស់មួយម្ជុល ដែលស្មើនឹង 6ដូស ទៅឱ្យនារីម្នាក់ដែលមានអាយុ 23ឆ្នាំ។ បច្ចុប្បន្ន សុខភាពអ្នកជំងឺ កំពុងស្ថិតក្នុងស្ថានភាពល្អ បន្ទាប់ពីបានបញ្ចូលសេរ៉ូម និងលេបថ្នាំ paracetamol។
អត្តសញ្ញាណរបស់នារីរងគ្រោះ រួមនឹងមន្ទីរពេទ្យខាងលើ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ ហេតុការណ៍នេះត្រូវបានរាយការណ៍ដល់ស្ថាប័នគ្រប់គ្រងឱសថរបស់ប្រទេសអ៊ីតាលី រួចហើយ។
សារព័ត៌មានអ៊ីតាលី បានឱ្យដឹងថា ការពិសោធនានាទៅលើការចាក់វ៉ាក់សាំង Covid-19 លើសចំណុះកន្លងមក ត្រូវបានគេធ្វើឡើងត្រឹមតែ 4ដូសប៉ុណ្ណោះ ក្នុងនោះបានបង្ហាញថា ពុំមានផលវិបាកប្រកបដោយគ្រោះថ្នាក់ណាមួយកើតឡើងដល់អ្នកត្រូវបានចាក់នោះទេ។ គិតមកដល់បច្ចុប្បន្ន ករណីចាក់លើសចំណុះ បានកើតឡើងនៅក្នុងប្រទេសមួយចំនួន ក្នុងនោះមាន សហរដ្ឋអាមេរិក, អូស្ត្រាលី, អាល្លឺម៉ង់ និងអ៊ីស្រាអែលផងដែរ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា