សហរដ្ឋអាមេរិក កំពុងឈរនៅចំពោះមុខរបត់ថ្មីមួយដ៏ធំ នៅក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅពេលដែលចំនួនអ្នកវិជ្ជមានថ្មី និងអ្នកចូលពេទ្យ បានថយចុះយ៉ាងច្រើន ដែលនេះត្រូវបានគេជឿថាជា ជោគជ័យបានមកពីយុទ្ធនាការចាក់វ៉ាក់សាំង។
«យើងកំពុងកែប្រែស្ថានការណ៍» Jeffrey Zients អ្នកសម្របសម្រួលចំពោះកិច្ចការប្រឆាំងនឹង Covid-19 របស់សេតវិមាន បាននិយាយដូច្នេះ។
ដោយសារការចាក់វ៉ាក់សាំងយ៉ាងតិច 1ដូស ដល់មនុស្សពេញវ័យបានចំនួន 58% និងប្រហែល 113លាននាក់ (34%) បានចាក់រួចរាល់ សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងផ្លូវទៅរកគោលដៅ ដែលប្រធានាធិបតី Joe Biden បានកំណត់ ក្នុងនោះបានចែងថា ពលរដ្ឋចំនួន 70% នឹងទទួលបានការចាក់វ៉ាក់សាំងយ៉ាងតិច 1ដូស ឱ្យបានមុនថ្ងៃទី4 ខែកក្កដា ឆ្នាំ2021។
«យើងគិតថា គ្រប់គ្នាសុទ្ធតែហត់នឿយ ហើយការពាក់ម៉ាស អាចជាប្រការដ៏រំខាន។ ប៉ុន្តែ យើងកំពុងធ្វើដំណើរជិតដល់គោលដៅ ហើយពន្លឺនៅខាងមុខ ក៏កាន់តែច្បាស់ឡើងៗហើយដែរ» Zients ថ្លែងដូច្នេះ។
Anthony Fauci ដែលជាអ្នកជំនាញលំដាប់កំពូលខាងរោគឆ្លងរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងស្រដៀងនេះដែរ។ លោកនិយាយថា ដល់ពេលដែលត្រូវបន្ធូរបន្ថយវិធានការទាក់ស្កាត់ Covid-19 និងអនុញ្ញាតឱ្យជនជាតិអាមេរិកាំង ទទួលបទពិសោធន៍ល្អដែលបានមកពីយុទ្ធនាការចាក់វ៉ាក់សាំង។
«យើងត្រូវការចាប់ផ្ដើមសេរីភាពច្រើនជាងមុន នៅពេលដែលមានពលរដ្ឋកាន់តែច្រើន បានទទួលការចាក់វ៉ាក់សាំង» លោក Anthony Fauci ថ្លែងបែបនេះ។ ប៉ុន្តែ លោកក៏បានបញ្ជាក់ថា សង្គ្រាមនេះនៅតែត្រូវធ្វើបន្ត ដើម្បីសម្រេចបានគោលដៅ ព្រោះថា ប្រការនេះមានន័យថា «វីរុសនឹងលែងមានកន្លែងសម្រាប់ជ្រោកកោន»។
ក្រុមមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក មានមូលដ្ឋានដែលអាចឱ្យពួកគេមានក្ដីសង្ឃឹមក្នុងការរួចផុតពីមហារោគរាតត្បាត ដោយសារការចាក់វ៉ាក់សាំង។ តួលេខនៃករណីវិជ្ជមានថ្មីប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក គិតជាមធ្យមក្នុងរយៈពេល 7ថ្ងៃ ដោយគិតត្រឹមថ្ងៃទី8 ខែឧសភា មានចំនួន 42,000នាក់ ថយចុះច្រើនបើធៀបនឹង 260,000នាក់ កាលពីខែមករា។ អត្រានៃករណីចូលពេទ្យ ជាមធ្យម ក្នុងរយៈពេល 7ថ្ងៃ គិតដល់ថ្ងៃទី7 ខែឧសភា គឺជាង 39,300នាក់ ថយចុះជាង 70% បើធៀបនឹង 137,600 កាលពីដើមខែមករា។ ចំណេកអត្រានៃការស្លាប់ ក៏បានថយចុះច្រើន ពោលគឺ ជាមធ្យម ក្នុងរយៈពេល 7ថ្ងៃ គិតត្រឹមថ្ងៃទី8 ខែឧសភា គឺមាន 675ករណី ថយចុះជិត 80% បើធៀបនឹងមធ្យមភាគ 3,352ករណី កាលពីពាក់កណ្ដាលខែមករា។
ក្រុមអ្នកជំនាញ បានអះអាងថា លទ្ធផលដ៏ល្អនេះគឺបានមកពីជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការ Covid-19 ជូនពលរដ្ឋជាង 257លានដូស ឈរលំដាប់ទីពីរ បើធៀបនឹង 318លានដូសរបស់ប្រទេសចិន (យោងតាមទិន្នន័យរបស់ Our World in Data)។ សហរដ្ឋអាមេរិក ក៏ស្ថិតក្នុងចំណោមប្រទេសចំនួន 5 ដែលចាក់វ៉ាក់សាំងជូនពលរដ្ឋយ៉ាងតិច1ដូស បានច្រើនជាងគេផងដែរ រួមមាន ប្រទេសទាំងដែនកោះ ស៊ីសែល (Seychelles), ប្រទេសអ៊ីស្រាអែល, អង់គ្លេស, និងប្រទេសបារ៉ែន។ សហរដ្ឋអាមេរិក ជាប្រទេសឈរលំដាប់ទី 4 ដែលមានអត្រានៃការចាក់វ៉ាក់សាំងរួចរាល់បានច្រើនជាងគេ បន្ទាប់ពីប្រទេសស៊ីសែល (60.7%), ប្រទេសអ៊ីស្រាអែល (58.6%) និងប្រទេសស៊ីលី (37%)។
ក្រុមអ្នកជំនាញក៏បានបញ្ជាក់ថា ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបានលឿន និងប្រសិទ្ធភាព ក៏អាស្រ័យទៅលើប្រសិទ្ធភាពរបស់ប្រភេទវ៉ាក់សាំងផងដែរ។ វ៉ាក់សាំងចំនួន 3ប្រភេទ ដែលត្រូវបានសហរដ្ឋអាមេរិកអនុម័តឱ្យប្រើប្រាស់ រួមមាន Pfizer, Moderna និង Johnson & Johnson។ យោងតាមទស្សនាវដ្ដី Yale Medicine វ៉ាក់សាំងទាំងនេះ មានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ Guardian, NYTimes, WSJ, AP
ប្រែសម្រួល៖ បុត្រា