ប្រទេសចិន ខណ្ឌចែកកំពូលភ្នំអេវើរ៉េស (Everest) ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លង Covid-19 ពីក្រុមអ្នកឡើងភ្នំ ដែលមកពីប្រទេសនេប៉ាល់ មកឱ្យប្រជាជននៅតំបន់ទីបេ (Tibet)។
មគ្គទេសន៍ដែលនាំផ្លូវឡើងភ្នំមួយក្រុមមកពីតំបន់ទីបេ នឹងឡើងលើកំពូលភ្នំ អេវើរ៉េស និងធ្វើការខណ្ឌចែកតំបន់ ដើម្បីទប់ស្កាត់សកម្មភាពជួបជុំរវាងក្រុមអ្នកផ្សងព្រេងរបស់ភាគីមកពីប្រទេសចិន និងភាគីមកពីប្រទេសនេប៉ាល់។ នេះបើតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ដោយដកស្រង់សម្ដីរបស់ប្រធានមន្ទីរកីឡានៃតំបន់ទីបី។
ក្រុមខាងលើដែលមានសមាជិកជាជនជាតិចិនចំនួន 21នាក់ កំពុងធ្វើដំណើរមកកាន់កំពូលភ្នំអេវើរ៉េស ដើម្បីបំពេញបេសកកម្មនេះ។ ប៉ុន្តែ សារព័ត៌មានចិន មិនបានអធិប្បាយអំពីរបៀបខណ្ឌចែក ដែលក្រុមនេះនឹងធ្វើនោះទេ។
ទីតាំងបោះជំរំលើកពូលភ្នំអេវើរ៉េស នៅលើទឹកដីប្រទេសនេប៉ាល់ ត្រូវ Covid-19 រាតត្បាតចាប់ពីចុងខែមេសា ឆ្នាំ2021 រហូតដល់បច្ចុប្បន្ន។ រដ្ឋាភិបាលនេប៉ាល់ ដែលជាប្រទេសពឹងផ្អែកច្រើនទៅលើចំណូលដែលបានមកពីវិស័យទេសចរណ៍ នៅតែមិនទាន់លុបចោលរដូវឡើងភ្នំ ដែលចាប់ផ្ដើមពីខែមេសា ដល់ខែមិថុនា រៀងរាល់ឆ្នាំ មុនពេលតំបន់នេះឈានចូលដល់រដូវវង្សា។
កំពូលភ្នំអេវើរ៉េស ស្ថិតនៅកម្ពស់ 8,848ម៉ែត្រ គឺជាតំបន់ធ្លាក់ព្រឹលតូចមួយដែលមានផ្ទៃដី អាចឱ្យអ្នកឡើងភ្នំ និងអ្នកនាំផ្លូវ ឈរក្នុងពេលតែមួយ ត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ។
ប្រទេសចិន បានហាមអ្នកឡើងភ្នំទាំងដែលមានបំណងឡើងទៅកាន់កំពូលភ្នំអេវើរ៉េស ពីទឹកដីនៃតំបន់ទីបេ របស់ចិន ចាប់តាំងពី Covid-19 បានផ្ទុះឡើងកាលពីឆ្នាំមុន។ ទេសចរដែលមកទស្សនាទេសភាពកំពូលភ្នំអេវើរ៉េស ក៏ត្រូវបានហាមឃាត់ទៅកាន់កន្លែងបោះជំរំលើទឹកដីទីបេផងដែរ។
ប្រទេសចិន កាលពីថ្ងៃទី9 ខែឧសភា បានរកឃើញអ្នកឆ្លង Covid-19 ចំនួន 11ករណី នាំឱ្យតួលេខអ្នកវិជ្ជមានសរុបឡើងដល់ 90,796នាក់ ក្នុងនោះមាន 4,637នាក់បានស្លាប់។ ចំណែកប្រទេសនេប៉ាល់ កាលពីថ្ងៃទី9 ខែឧសភា ក៏បានប្រកាសថា រកឃើញអ្នកវិជ្ជមានថ្មី ចំនួន 8,777នាក់ ធ្វើឱ្យតួលេខអ្នកឆ្លងវីរុសនេះកើនឡើងដល់ជាង 394,000នាក់ ក្នុងនោះមាន 3,720នាក់បានបាត់បង់ជីវិត៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា