គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងរបស់ប្រទេសអង់គ្លេស (JCVI) កាលពីថ្ងៃទី7 ខែឧសភា បានឱ្យដឹងថា ពលរដ្ឋក្រោមវ័យ 40ឆ្នាំ នឹងត្រូវបានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ផ្សេង ជំនួសឱ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។
ក្រុមអ្នកជំនាញបានឱ្យដឹងថា អត្រានៃការឆ្លង Covid-19 នៅអង់គ្លេស បានថយចុះ ដែលនេះគឺមានន័យថា ហានិភ័យនៃការប្រឈមនឹងបញ្ហាដែលកើតឡើងដោយសារការចាក់វ៉ាក់សាំង អាចធំជាងហានិភ័យនៃការឆ្លងវីរុស។ យោងតាមការវិភាគរបស់ស្ថាប័នគ្រប់គ្រង បានបង្ហាញថា អត្រាកកឈាមដ៏កម្រ (និយាយរួម) បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca គឺប្រមាណ 1/100,000នាក់, អត្រានេះកើនឡើងប្រហែល 1/60,000នាក់ ចំពោះមនុស្សវ័យ 30ឆ្នាំ។ អត្រាស្លាប់ក្រោយការចាក់វ៉ាក់សាំងនេះ និយាយរួមគឺ ប្រហែល 2/1000,000នាក់ ខណៈវ័យចាប់ពី 30 ដល់ 39 គឺ 4.5/1,000,000នាក់។
ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី6 ខែឧសភា បានឱ្យដឹងថា គិតមកដល់អំឡុងពេលនេះ ប្រទេសអង់គ្លេស រកឃើញករណីកកឈាមដ៏កម្រ ចំនួន 242នាក់ ក្រោយពីបានចាក់វ៉ាក់សាំងយ៉ាងតិច 1ដូស ដែលនេះគឺ កើន 33ករណី បើធៀបនឹងសប្ដាហ៍មុន ក្នុងនោះ មាន 49នាក់បានស្លាប់។ 2/3 នៃអ្នកស្ថិតក្រោមវ័យ 60ឆ្នាំ បានជួបផលវិបាក បន្ទាប់ពីបានចាកក់វ៉ាក់សាំង។
ការណែនាំថ្មីរបស់ប្រទេសអង់គ្លេស ដែលថា ក្រុមមនុស្សក្រោមវ័យ 40ឆ្នាំ «កុំចាក់វ៉ាក់សាំង AstraZeneca» គឺជាសម្ពាធមួយយ៉ាងធ្ងន់ធ្ងរសម្រាប់សាកលវិទ្យាល័យ Oxford និងដៃគូសហការរបស់ខ្លួន គឺក្រុមហ៊ុន AstraZeneca។ ប្រទេសដាណឺម៉ាក កាលពីខែមេសា ឆ្នាំ2021 បានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca។ ចំណែកប្រទេសជាច្រើនផ្សេងទៀតនៅអឺរ៉ុប ក៏បានកាត់បន្ថយការចាក់វ៉ាក់សាំង AstraZeneca សម្រាប់យុវវ័យ ដោយសារភ័ស្ដុតាងនានា បង្ហាញថា បញ្ហាកកឈាម ភាគច្រើនកើតឡើងនៅលើអ្នកដែលមានវ័យនៅក្មេង។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Cambridge បានអះអាងថា ចំពោះមនុស្សក្រោមវ័យ 30ឆ្នាំ ហានិភ័យនៃការឆ្លងវីរុសCovid-19 និងហានិភ័យដែលកើតឡើងដោយសារការចាក់វ៉ាក់សាំងគឺប្រហាក់ប្រហែលគ្នា អាស្រ័យលើអត្រានៃការឆ្លងនៅក្នុងសហគមន៍ ក្នុងអំឡុងពេលនីមួយ។
អង់គ្លេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាពជាងគេក្នុងពិភពលោក ដោយសារវ៉ាក់សាំង AstraZeneca។ បច្ចុប្បន្ន យុវវ័យប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសCovid-19 មានកម្រិតទាបជាងឆ្ងាយ បើធៀបនឹងមួយរយៈពេលកន្លងទៅ៕
ប្រភព៖ Financial Times
ប្រែសម្រួល៖ បុត្រា