រាជរដ្ឋាភិបាលកម្ពុជា ដាក់ផែនការស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋ ឱ្យបានរួចរាល់នៅឆ្នាំ2022 នេះបើយោងតាមផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 សំដៅបង្កើតឱ្យបាននូវភាពស៊ាំនៃសង្គម សេដ្ឋកិច្ចនៅទូទាំងប្រទេស នាឆ្នាំ2021។
កម្ពុជាបាន និងកំពុងស្វែងជំនួយ ក៏ដូចជាទិញវ៉ាក់សាំងCovid-19 ពីបណ្ដាប្រទេសអ្នកផលិត និងស្ថាប័ន អង្គការអន្តរជាតិនានា។ ជាលទ្ធផល កម្ពុជា បានក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានជំនួយជាវ៉ាក់សាំងពីកម្មវិធី COVAX ដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងវ៉ាក់សាំង Sinopharm ពីប្រទេសចិន។
យោងតាមផែនការរៀបចំសម្រាប់ការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល នៅក្នុងខែឧសភា ឆ្នាំ2021 នេះ កម្ពុជា គ្រោងនឹងទទួលបានវ៉ាក់សាំងចំនួន 3លានដូស, ខែមិថុនា 3លានដូស, ខែកក្កដា 1លានដូស, ខែសីហា 1លានដូស និងខែកញ្ញា ឆ្នាំ2021 នឹងទទួលបាន 1.5លានដូស។ សម្រាប់ឆ្នាំ2022 កម្ពុជា គ្រោងនឹងទទួលបានវ៉ាក់សាំងបង្ការវីរុសCovid-19 សរុបចំនួន 10,430,600ដូស។
ទាក់ទងនឹងការបញ្ជាទិញ ក៏ដូចជាជំនួយជាវ៉ាក់សាំងនេះដែរ គិតមកដល់បច្ចុប្បន្ន (ថ្ងៃទី7 ខែឧសភា ឆ្នាំ2021) កម្ពុជា បានទទួលវ៉ាក់សាំងសរុបចំនួន 4,024,000ដូសរួចហើយ។
សូមរំលឹកថា ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា វ៉ាក់សាំងបង្ការ Covid-19 ចំនួន 0.5លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី11 ខែឧសភាខាងមុខនេះ ខណៈ 0.5លានដូសទៀតក៏នឹងមកដល់កម្ពុជា នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2021នេះផងដែរ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 18,179នាក់ ក្នុងនោះមានអ្នកស្លាប់ 114នាក់, អ្នកជាសះស្បើយ 6,884នាក់។ ក្នុងអំឡុងថ្ងៃទី6 ខែឧសភា ឆ្នាំ2021 កម្ពុជា បានរកឃើញអ្នកវិជ្ជមានថ្មីចំនួន 558នាក់ ប៉ុន្តែ ពុំមានករណីស្លាប់ដោយសារ Covid-19 នោះទេ៕
ប្រភព៖ ក្រសួងសុខាភិបាល/ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា