នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ Covid-19 នៅតំបន់ក្រហមត្រូវបានបញ្ចប់ នោះតួលេខនៃពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ នឹងកើនដល់ជាង 2លាននាក់ ស្មើនឹងជាង 20% នៃពលរដ្ឋចំនួន 10លាននាក់ដែលគ្រោងនឹងទទួលបានការចាក់វ៉ាក់សាំង។
នៅព្រឹកថ្ងៃទី05 ខែឧសភា ឆ្នាំ2021 សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម ប្រព្រឹត្តិទៅបានយ៉ាងល្អប្រសើរ និងនាំឱ្យតួលេខអ្នកបានទទួលការចាក់វ៉ាក់សាំងសរុបទូទាំងប្រទេស កើនឡើងដល់ជាង 1.5លាននាក់ ស្មើនឹងជាង 15% នៃចំនួនប្រជាជនដែលត្រូវចាក់។
កន្លងមក វ៉ាក់សាំងចំនួន 9សែនដូសហើយដែលត្រូវបានគណៈកម្មការចំពោះកិច្ច បញ្ជូនទៅឱ្យកងទ័ព ដើម្បីចូលរួមជួយចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅក្នុងតំបន់ក្រហម។ ក៏ប៉ុន្តែ ពលរដ្ឋដែលត្រូវការចាក់វ៉ាក់សាំងគឺមានរហូតទៅដល់ជាង 5.2សែននាក់ ខណៈរដ្ឋាភិបាលមានតែ 9សែនដូសប៉ុណ្ណោះ ក្នុងនោះពលរដ្ឋម្នាក់ត្រូវចាក់ពីរដូស។
យ៉ាងនេះក្ដី ប្រមុខរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាការចាក់វ៉ាក់សាំងជូនពលរដ្ឋមិនទាន់គ្រប់គ្រាន់ រដ្ឋាភិបាលនឹងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។ នេះបើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន៕
ប្រភព៖ AKP
ដកស្រង់៖ បុត្រា