កន្លងមក មានពេលខ្លះ ការទទួលបានការណាត់ចាក់វ៉ាក់សាំងបង្ការ Covid-19 នៅសហរដ្ឋអាមេរិក មិនខុសពីការត្រូវឆ្នោតនោះឡើយ ក៏ប៉ុន្តែ បច្ចុប្បន្ន បញ្ហានេះ ផ្ទុយស្រឡះបាត់ទៅហើយ ដោយអាជ្ញាធររបស់រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក កំពុងស្វែងរកវិធីសាស្ត្រល្អៗ ហើយពេលខ្លះក៏ប្លែកៗ ដើម្បីទាក់ទាញពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ព្រោះពលរដ្ឋមានការរារែក។
Larry Hogan អភិបាលរដ្ឋ Maryland បានថ្លែងកាលពីថ្ងៃទី3 ខែឧសភាថា៖ «វ៉ាក់សាំង មានសុវត្ថិភាព និងប្រសិទ្ធភាពទាំងស្រុង ហើយវាសុទ្ធតែមិនគិតថ្លៃ និងនៅមានជានិច្ច បើទោះអ្នកបានចុះឈ្មោះមុន ឬអត់» Larry Hogan បានអំពាវនាវឱ្យក្រុមហ៊ុននានា ផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិកដែលបានចាក់វ៉ាក់សាំង។
យុទ្ធសាស្ត្រនេះ ត្រូវបានលើកឡើងក្នុងគ្រាដែលក្រុមអ្នកជំនាញផ្នែកសុខាភិបាលសាធារណៈ ទទួលស្គាល់ថា សហរដ្ឋអាមេរិក ពិបាកសម្រេចបានគោលដៅដែលបានកំណត់លើការចាក់វ៉ាក់សាំងបង្ការ Covid-19 ដោយសារបញ្ហាសេរីភាព និងការសង្ស័យលើសុវត្ថិភាពរបស់វ៉ាក់សាំង។
«ជាមនុស្ស យើងតែងតែប្រតិកម្មវិជ្ជមានទៅលើមើមការ៉ុតច្រើនជាងដំបង» បណ្ឌិត Megan Ranney មកពីសាកលវិទ្យាល័យ Brown នៅ Rhode Island ថ្លែងកាលពីថ្ងៃទី3 ខែឧសភា។
បើតាមអ្នកស្រី យុទ្ធនាការចាក់វ៉ាក់សាំង តែងមានប្រសិទ្ធភាពជាង នៅពេលគេប្រើពាក្យពេចន៍ដែលមិនកង្កប់ការបង្ខិតបង្ខំលើពលរដ្ឋ។ ការបញ្ជូនសារ «វ៉ាក់សាំងបានត្រៀមខ្លួនជាស្រេចសម្រាប់អ្នក» គឺជាឃ្លាដ៏ល្អ ដើម្បីទាក់ទាញពលរដ្ឋមកចាក់វ៉ាក់សាំង។
នៅក្នុងរដ្ឋ New Jersey អភិបាល Phil Murphy ឱ្យដឹងថា រាល់បុគ្គលដែលមានអាយុចាប់ពី 21ឆ្នាំ និងបានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស នឹងទទួលបានស្រាបៀរដោយមិនគិតថ្លៃ នៅទីតាំងលក់ស្រាបៀរដែលបានចូលរួមក្នុងកម្មវិធីរបស់រដ្ឋ។
រដ្ឋ Connecticut ក៏មានកម្មវិធីស្រដៀងនេះដែរ ក្នុងនោះ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស នឹងទទួលបានភេសជ្ជៈមានអាល់កុល ឬមិនមានអាល់កុល នៅតាមហាងដែលបានសហការជាមួយអាជ្ញាធរ សម្រាប់ខែឧសភានេះ។
នៅទីក្រុង Detroit កាលពីសប្ដាហ៍មុន បានប្រកាសថា នឹងផ្ដល់ប័ណ្ណអំណោយដែលមានតម្លៃ 50ដុល្លារ ទៅឱ្យបុគ្គលទាំងឡាយណាដែលបាននាំមនុស្សម្នាក់មកកាន់មណ្ឌលចាក់វ៉ាក់សាំង។ មិនមានការកំណត់លើចំនួនទឹកប្រាក់ដែលបុគ្គលម្នាក់ទទួលបាននោះទេ ប៉ុន្តែ បើទទួលបានលើសពី 600ដុល្លារ នឹងត្រូវបង់ពន្ធលើប្រាក់ចំណូល។
ដើម្បីជាការលើកទឹកចិត្តឱ្យបុគ្គលិករដ្ឋមកចាក់វ៉ាក់សាំង អាជ្ញាធររដ្ឋ Maryland កំពុងស្នើឱ្យផ្ដល់ប្រាក់រង្វាន់ 100ដុល្លារ បើសិនជាពួកគេយល់ព្រមចាក់វ៉ាក់សាំងCovid-19។
Jim Justice ដែលជាអភិបាលរដ្ឋ Virginia ខាងលិច កាលពីសប្ដាហ៍មុន បានឱ្យដឹងដែរថា រដ្ឋនេះនឹងផ្ដល់មូលបត្របំណុលសន្សំរបស់រដ្ឋ (Savings Bonds) ដែលមានតម្លៃស្មើ 100ដុល្លារ ដល់ពលរដ្ឋទាំងឡាយដែលមានអាយុចាប់ពី 16 ដល់ 35ឆ្នាំ និងបានចាក់វ៉ាក់សាំង Covid-19។ ប៉ុន្តែ កាលពីថ្ងៃទី3 ខែឧសភា លោកបាននិយាយថា នឹងពិនិត្យរកវិធីសាស្ត្រលើកទឹកចិត្តផ្សេងវិញ ដោយសារពិបាកបង្កើតកម្មវិធីនេះ។
នៅ Los Angeles នៃរដ្ឋ California សមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលក្រុង និងមជ្ឈមណ្ឌលវប្បធម៌ពហុជំនឿ កាលពីថ្ងៃទី30 ខែមេសា បានដំណើរការកម្មវិធីជូនអំណោយដល់បុគ្គលទាំងឡាយដែលបានមកកាន់កន្លែងចាក់វ៉ាក់សាំងដោយមិនគិតថ្លៃរបស់ពួកគេ។
ក៏ប៉ុន្តែ Arthur Caplan សាស្ត្រាចារ្យផ្នែកក្រមសីលធម៌វេជ្ជសាស្ត្រ មកពីសាលាវេជ្ជសាស្ត្រ Grossman នៃសាកលវិទ្យាល័យ New York បានព្រមានអំពីប្រសិទ្ធភាពរបស់កម្មវិធីលើកទឹកចិត្តការចាក់វ៉ាក់សាំងខាងលើ។
«ខ្ញុំគិតថា អារម្មណ៍រារែក និងការពន្យារពេល កំពុងចាក់ឫសជ្រៅ ហើយអ្នកពិតជាពិបាកដោះស្រាយដោយការប្រើប្រាស់អំណោយជាប្រាក់ 100ដុល្លារ ឬអំណោយប្រហាក់ប្រហែលនេះ» លោក Arthur Caplan ថ្លែងដូច្នេះ។
គិតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិក បានប្រើប្រាស់វ៉ាក់សាំងចំនួន 247លានដូស ក្នុងនោះ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ មានចំនួន 106លាននាក់ ស្មើនឹង 32.1%៕
ប្រភព៖ NYTimes
ប្រែសម្រួល៖ បុត្រា