បញ្ហាខ្វះខាតវ៉ាក់សាំងកូវីដ-19 បានបង្ខំឱ្យទីក្រុងធំៗជាច្រើននៅក្នុងប្រទេសប្រេស៊ីល ត្រូវផ្អាកចាក់ដូសទី2 ជាបណ្ដោះអាសន្ន។ នេះបើតាមការឱ្យដឹងពីមន្ត្រី និងរបាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទ ទី3 ឧសភា។ ហេតុការណ៍ផ្អាកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 យ៉ាងបន្ទាន់ចុងក្រោយនេះ បានកើតឡើងក្រោមស្ថានការណ៍ឆ្លងរាលដាលដ៏អាក្រក់។
ទីក្រុងធំៗ ចំនួន7 ក្នុងចំណោម 26រដ្ឋ របស់ប្រទេសប្រេស៊ីល ត្រូវបញ្ឈប់ការចាក់វ៉ាក់សាំងរបស់ CoronaVac ដែលអភិវឌ្ឍដោយប្រទេសចិន ដោយសារតែការផ្គត់ផ្គង់ មិនគ្រប់គ្រាន់។ នេះបើតាមរបាយការណ៍របស់វេបសាយព័ត៌មាន G1។
រីអូ ដឺ ចានេរ៉ូ ទីក្រុងធំបំផុត លំដាប់លេខ2 របស់ប្រទេសប្រេស៊ីល បានថ្លែងផ្អាកចាក់វ៉ាក់សាំងដូសទី2 រយៈពេល 10ថ្ងៃ នៅថ្ងៃសៅរ៍ ទី1 ឧសភា មុននឹងកែសម្រួលកាលវិភាគការចាក់វ៉ាក់សាំងជាថ្មី ដោយបែរមកចាក់ដូសជំរុញការប្រឆាំងមេរោគតាមក្រុមអាយុមនុស្សវិញម្ដង ទោះជាដំណើរការទៅយ៉ាងយឺតៗក៏ដោយ។
ទីក្រុងដែលមានប្រជាជនចំនួនជាង 6.7លាននាក់មួយនេះ បានវិលមកដំណើរការចាក់វ៉ាក់សាំងដូសទី2 កាលពីថ្ងៃចន្ទ ទី3 ឧសភា ម្សិលមិញ ចំពោះតែមនុស្សចាស់ វ័យ 70ឆ្នាំឡើងទៅ ចំណែកមនុស្សដែលអាយុតិចជាង 60ឆ្នាំ ក្នុងនោះរួមទាំងមន្ត្រីសុខាភាពសាធារណៈផងនោះ តាមកាលវិភាគចាក់វ៉ាក់សាំងថ្មីរបស់ទីក្រុងនេះ ពួកគេអាចនឹងត្រូវរង់ចាំយូរដល់ទៅ 2 ទៅ 12ថ្ងៃ តាមរយៈការណែនាំឱ្យចាក់វ៉ាក់សាំងក្នុង 1ដូសៗ ឆ្ងាយពីគ្នា 28ថ្ងៃ។
ចំណែកទីក្រុងធំៗផ្សេងទៀត ដែលផ្អាកការចាក់វ៉ាក់សាំងដូសទី2 ដែរនោះ រួមមាន ទីក្រុងធំ ដូចជា បូឡូ ហូរីសុនតេ និងប៉ូទូអា លេក្រេ ដែលមានប្រជាជនប្រមាណ 2.5លាននាក់ និង 1.5នាក់ តាមលំដាប់។
សារព័ត៌មាន Folha de Sao Paulo បានរាយការណ៍ថា ក្នុងបណ្ដាទីក្រុងធំៗរបស់រដ្ឋផ្សេងៗទូទាំងប្រទេសប្រេស៊ីល បច្ចុប្បន្ន ច្រើនជាងពាក់កណ្ដាល មិនមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ការចាក់ដូសទី2 ឱ្យប្រជាជនគ្រប់គ្នា ដែលបានទទួលវ៉ាក់សាំងដូសទី1 រួចហើយនោះទេ។
កូវីដ-19 បានសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសប្រេស៊ីលរួចហើយ អស់ជាង 400,000នាក់ ខ្ពស់បំផុតលំដាប់លេខ2 របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក តែពេលនេះ ពួកគេកំពុងជួបនឹងបញ្ហាក្នុងការស្វែងរកវ៉ាក់សាំង ចាក់ឱ្យប្រជាជនចំនួន 212លាននាក់។
កន្លងមកលោក ឆាអ៊ី បូលសូណេរ៉ូ ប្រធានាធិបតីស្ដាំនិយមរបស់ប្រទេសប្រេស៊ីល បានរងការរិះគន់យ៉ាងខ្លាំង ចំពោះការមើលស្រាលជំងឺរាតត្បាតដ៏ធំនេះ និងធ្វើព្រងើយកន្តើយ ចំពោះការណែនាំរបស់បណ្ដាអ្នកជំនាញការ ក្នុងវិធានការគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះ។
រហូតមកដល់ពេលនេះ មានប្រជាជនប្រេស៊ីល បានទទួលវ៉ាក់សាំងដូសបំបូងរួចហើយប្រមាណ 15% និងមាន 7.5% ដែលបានទទួលវ៉ាក់សាំងគ្រប់ទាំង 2ដូស៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែសម្រួលដោយ តាវ៉ែនតា