ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទិញថ្នាំនៅឱសថស្ថាន សួស្ដី ដែលស្ថិតនៅផ្ទះលេខ 153 ផ្លូវលេខ 369 (ក្បែរគល់ស្ពានច្បារអំពៅថ្មី) សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យមួយនេះ។
ខាងលើនេះគឺជាសេចក្ដីអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺCovid-19 នៃក្រសួងសុខាភិបាល ដែលបានប្រកាសកាលពីវេលាម៉ោង 4ល្ងាច ថ្ងៃទី4 ខែឧសភា ឆ្នាំ2021។
ចំពោះមូលហេតុ ត្រូវបានអនុគណៈកម្មការនេះបញ្ជាក់ថា នៅព្រឹក ថ្ងៃទី3 ខែឧសភា ឆ្នាំ2021 មានអ្នកជំងឺCovid-19 ម្នាក់ ដែលរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី2 បានទៅទិញថ្នាំ នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការខាងលើក៏បានស្នើ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង «ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី2 ខណ្ឌច្បារអំពៅ», «ភូមិកណ្តាល សង្កាត់ច្បារអំពៅទី2 ខណ្ឌច្បារអំពៅ» និង ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី2 ខណ្ឌច្បារអំពៅ» រាជធានីភ្នំពេញ កុំចេញពីផ្ទះ ប្រសិនបើមិនមានកិច្ចការចាំបាច់៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺCovid-19
ដកស្រង់៖ បុត្រា