ក្រុមមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បានបែងចែកវ៉ាក់សាំងបង្ការ Covid-19 ជាច្រើនលានដូស ទៅឱ្យអាជ្ញាធរមូលដ្ឋាន ក្នុងនោះ ពលរដ្ឋជិត 105លាននាក់ បានចាក់វ៉ាក់សាំងពីរដូសរួចរាល់ហើយ។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) កាលពីម្សិលមិញ (02ឧសភា) បានប្រកាសថា ប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ដល់ពលរដ្ឋ សរុប 245,591,469នាក់ បន្ទាប់ពីបានបែងចែកវ៉ាក់សាំងចំនួន 312,509,575ដូស ទៅឱ្យអាជ្ញាធរមូលដ្ឋាន។
ក្នុងចំណោមនោះ មានពលរដ្ឋជាង 147លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស ចំពោះវ៉ាក់សាំងប្រភេទដែលត្រូវចាក់ពីរដូស និងជិត 104.8លាននាក់បានចាក់រួចរាល់។ បច្ចុប្បន្ន អត្រាអ្នកបានចាក់វ៉ាក់សាំងរួចរាល់នៅសហរដ្ឋអាមេរិក បានឡើងដល់ 31.5% បើធៀបនឹងប្រជាជនសរុបជាង 332,610,000នាក់។
បណ្ដាប្រភេទវ៉ាក់សាំងប្រឆាំង Covid-19 ដែលត្រូវបាន CDC របស់សហរដ្ឋអាមេរិក ជ្រើសរើសសម្រាប់ការប្រើប្រាស់ រួមមាន វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer Inc/BioNTech ដែលត្រូវចាក់ពីរដូស រួមនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលត្រូវចាក់មួយដូស។
សហរដ្ឋអាមេរិក គឺជាសម្បុកវីរុសCovid-19 ធំជាងគេក្នុងពិភពលោក ដោយមានអ្នកឆ្លងជាង 33លាននាក់ និងស្លាប់ជាង 591,000នាក់។ ក្រោយរយៈពេលនៃការឡើងកាន់តំណែងបាន 100ថ្ងៃ របស់ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក ពេលនេះត្រូវប្រឈមនឹង «វិបត្តិសល់វ៉ាក់សាំង» ដោយសារតែរដ្ឋជាច្រើនប្រើប្រាស់មិនអស់ បន្ទាប់ពីបានទទួល ខណៈដែលពលរដ្ឋជាច្រើន មានការរារែកក្នុងការចាក់វ៉ាក់សាំង ព្រោះតែការទទួលបានព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ និងហត់នឿយផ្លូវចិត្ត ក្រោយរងគ្រោះពី «មហារោគរាតត្បាត» នេះ។
បច្ចុប្បន្ន ក្រុមមន្ត្រីសុខាភិបាល បាននាំគ្នារិះរកវិធីដោះស្រាយបញ្ហាខាងលើ ក្នុងនោះ រួមមានទាំងការបញ្ជូនក្រុមវេជ្ជបណ្ឌិត និងក្រុមមនុស្សដែលមានឥទ្ធិពល ធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងច្បាស់អំពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងប្រឆាំង Covid-19 ផងដែរ៕