«ប្រជាពលរដ្ឋដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និងខណ្ឌកំបូល សូមកុំព្រួយបារម្ភពីការខ្វះវ៉ាក់សាំង Covid-19» នេះបើតាមការអំពាវនាវរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។
ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា ជាគោលការណ៍ ប្រជាពលរដ្ឋ កម្មករ និយោជិកទាំងអស់ ដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ និងមានទីលំនៅក្នុងខណ្ឌចំនួន 4 ខាងលើ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការ Covid-19 គ្រប់ៗគ្នា ពីរាជរដ្ឋាភិបាល។ ក៏ប៉ុន្តែ ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសនេះ ពលរដ្ឋនឹងត្រូវបានអនុញ្ញាតឱ្យចាក់មួយភូមិម្ដងៗ ទៅតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។
ពលរដ្ឋដែលត្រូវបានអនុញ្ញាតឱ្យទៅចាក់វ៉ាក់សាំងគឺ ត្រូវបំពេញទម្រង់ឯកសាររបស់ក្រសួងការពារជាតិ និងត្រូវមានអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬបណ្ណ ប.ស.ស។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវឱ្យពលរដ្ឋទាំងអស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌដង្កោ និងខណ្ឌកំបូល សូមកុំមានការព្រួយបារម្ភអំពីបញ្ហាខ្វះវ៉ាក់សាំង ព្រោះថា រាជរដ្ឋាភិបាល បានផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់ដល់ខណ្ឌទាំងនេះរួចហើយ។
យ៉ាងនេះក្ដី ឯកឧត្តម បានបញ្ជាក់ថា ពលរដ្ឋដែលបានចុះឈ្មោះរួចហើយ ត្រូវរង់ចាំដល់វេនរបស់ខ្លួន និងត្រូវទៅចាក់វ៉ាក់សាំងឱ្យទាន់ពេលវេលា ដែលអាជ្ញាធរបានកំណត់។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លង Covid-19 សរុបចំនួន 14,520នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 5,369នាក់, អ្នកស្លាប់សរុប 103នាក់ និងកំពុងព្យាបាលសរុប 9,040នាក់។ ក្នុងរយៈពេល 24ម៉ោងនៃថ្ងៃទី1 ខែឧសភា នៅទូទាំងប្រទេស មានអ្នកវិជ្ជមានថ្មីចំនួន 730នាក់ និងស្លាប់ថ្មីចំនួន 6នាក់៕
ប្រភព៖ ទទក, ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា