វិធីសម្អាតរបស់របរប្រើប្រាស់ក្នុងផ្ទះដោយទឹកអាល់កុលលាងរបួស។ យើងនាំគ្នាមកមើលពីប្រយោជន៍របស់អាល់កុលដែលយើងតែងតែយកមកលាងសម្អាតមុខរបួស ឬដំបៅផ្សេងលើរាងកាយនោះ ជាមួយនឹងការងារផ្ទះ ដែលបងៗស្ត្រីមេផ្ទះអាចយកទៅជូតសម្អាតរបស់របរប្រើប្រាស់ក្នុងបានយ៉ាងល្អទៀតផង។
1 . ធ្វើជាស្ប្រៃយ៍ជូតកញ្ចក់បង្អួច
បើមិនចង់មួម៉ៅដោយសារតែទេសភាពស្អាតៗនៅខាងក្រៅត្រូវបិទបាំងដោយកម្ទេចល្អងធូលី និងស្នាមបាតដៃនៅលើកញ្ចក់បង្អួចនោះ បងៗស្ត្រីមេផ្ទះអាចចាប់ផ្តើមដោយប្រើទឹកលាងសម្អាតស្នាមកខ្វក់នៅលើបង្អួចផ្នែកខាងក្រៅចេញសិន រួចលាយអាល់កុលជាមួយទឹកក្នុងបរិមាណស្មើគ្នា កូរឱ្យចូលគ្នាសព្វរួចសឹមយកទៅជូតសម្អាត។
2 . ធ្វើជាស្ប្រៃយ៍ជូតកញ្ចក់ឆ្លុះមុខ
ចង់ឱ្យកញ្ចក់ឆ្លុះមុខភ្លឺថ្លាច្បាស់ ចូរផ្សំអាល់កុល 2ស្លាបព្រាបាយ ទឹកខ្មេះ 2ស្លាបព្របាយ ម្សៅពោត(អាចរកទិញបាននៅក្នុងផ្សារទំនើបទូទៅ) 1ស្លាបព្របាយ និងទឹកស្អាត 1ពែងកន្លះ ចាក់ចូលទៅក្នុងដបស្ប្រៃយ៍ ក្រឡុកបន្តិចមុននឹងយកទៅបាញ់លើកញ្ចក់ បន្ទាប់មកប្រើក្រដាសកាសែតជូតចេញ 1 – 2 ដងរហូតទាល់តែស្នាមប្រឡាក់ផ្សេងៗទាំងនោះរលុបបាត់អស់។
3 . ជូតសម្អាតកៅអីសាឡុង
បើត្រឡប់មកផ្ទះវិញ ហើយឃើញមានស្នាមប៊ិចក្រវេមក្រវាមជាស្នាដៃរបស់កូនតូចដែលគូសវាសលេងនៅលើកៅអីសាឡុងដែលក្រាលដោយក្រណាត់ម៉ៃក្រូហ្វៃប៊ើរនោះ មិនបាច់កង្វល់ទេ ព្រោះគ្រាន់តែចាក់អាល់កុលចូលទៅក្នុងដបស្ប្រៃយ៍ ហើយយកទៅបាញ់លើស្នាមប្រឡាក់នោះឱ្យសើម ទុកចោលមួយស្របក់ រួចយកអេប៉ុងពណ៌សមកជូតប្តិតៗ តែប៉ុណ្ណឹងស្នាមទឹកប៊ិចក្រវេមក្រវាមទាំងនោះនឹងជ្រាបចូលមកក្នុងអេប៉ុងព្រមជាមួយអាល់កុលអស់ និងធ្វើឱ្យកៅអីសាឡុងស្អាតដូចដើមវិញមិនខាន។
4 . រូបមន្តដុសខាត់សម្អាតអាងលាងចានកម្ចាត់មេរោគ
អាងលាងចានពេញទៅដោយមេរោគ បន្ទាប់ពីលាងសម្អាតដោយទឹកស្អាតហើយ ចូរយកក្រណាត់ស្អាតជ្រលក់អាល់កុលជូតសម្អាតឱ្យសព្វអាងលាងចាននោះម្តងទៀត វានឹងជួយកាត់បន្ថយការប្រមូលសន្សំរបស់បណ្តាមេរោគទាំងឡាយ ដើម្បីសុខភាពអនាម័យរបស់សមាជិកទាំងអស់ក្នុងគ្រួសារ។
5 . ធ្វើជាស្ប្រែយ៍កម្ចាត់ក្លិនក្នុងស្បែកជើង
ការបំបាត់ក្លិនស្បែកជើងក៏មិនពិបាកដែរ គ្រាន់តែចាក់អាល់កុលដាក់ចូលដបស្ប្រៃយ៍តូចមួយប្រមាណជាកន្លះដប តាមដោយទឹកស្អាតបន្តិច និងប្រេងក្រអូបហើរក្លិនដែលបងៗស្ត្រីមេផ្ទះចូលចិត្តប្រមាណជា 10 ដំណក់ ក្រឡុកឱ្យចូលគ្នា ហើយដាក់តាមខ្លួនទុកបាញ់ដាក់ក្នុងស្បែកជើងពេលណាដែលវាមានក្លិនមិនល្អ តែប៉ុណ្ណឹងជាការស្រេច។
6 . ធ្វើជាស្ប្រៃយ៍បាញ់បំបាត់ក្លិនបង្គន់
បើមិនចង់ត្រូវរំខានដោយក្លិនស្អុយពីចានបង្គន់នោះ ចូរលាយអាល់កុល 1ស្លាបព្រាបាយ ទឹកប្រេងក្រអូបហើរក្លិនដែលចូលចិត្តប្រមាណជា 30 – 40ដំណក់ និងទឹកស្អាត ហើយចាក់ចូលដបស្ប្រៃយ៍ និងមុននឹងនាំយកទៅប្រើ ចូរក្រឡុកដបជាមុនសិន រួចសឹមបាញ់ចូលទៅក្នុងចានបង្គន់ក្រោយពេលបន្ទោបង់រួច និងចុចទឹកបង្ហូរចោល 1- 2ដង។
7 . ទឹកថ្នាំសម្លាប់មេរោគលើច្រាសដុសធ្មេញ
ច្រាសដុសធ្មេញដែលដាក់ចូលមាត់យើងរាល់ថ្ងៃពោរពេញទៅដោយមេរោគដ៏ច្រើន តែយើងអាចកម្ចាត់វាបានដោយរំលាយម្សៅបេកឃីងសូដា(មានលក់នៅតាមផ្សារទំនើប) 2ស្លាបព្រាកាហ្វេ ទឹកស្អាតកន្លះពែង អាល់កុល 1 ស្លាបព្រាកាហ្វេ និងប្រេងក្រអូបហើរក្លិន 1 – 2 ដណក់លាយបញ្ចូលគ្នា រួចយកច្រាសដុសធ្មេញមកដាក់ត្រាំក្នុងទឹកល្បាយនោះចោលមួយសន្ទុះ ហើយលាងសម្អាតចេញឱ្យស្អាត តែប៉ុណ្ណឹងមេរោគចង្រៃទាំងឡាយនឹងស្លាប់បាត់អស់មួយចំនួនធំមិនខាន៕
ដោយ អ្នកគ្រូ ឆវី