ទីភ្នាក់ងារព័ត៌មាន abplive បានរាយការណ៍ថា មានស្ត្រីឆ្លងមេរោគកូវីដ វ័យ 62ឆ្នាំម្នាក់ បានចូលព្យាបាលនៅឯមន្ទីរពេទ្យ ប៉ូលឡូ ក្នុងទីក្រុងសារិតាហារ ក៏ប៉ុន្តែ គាត់បែរជាដាច់ខ្យល់ស្លាប់ មុនទៅដល់ដៃគ្រូពេទ្យ ជាហេតុបណ្ដាលឱ្យក្រុមសាច់ញាតិអ្នកជំងឺ បាននាំគ្នាចោមរោមវាយក្រុមគ្រូពេទ្យ និងភ្នាក់ងារសន្តិសុខ ដោយក្ដីខឹងសម្បា និងសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីសាច់ញាត់របស់ពួកគេ បានស្លាប់ក្នុងអំឡុងការរង់ចាំការព្យាបាល។
«អ្នកជំងឺ ត្រូវបាននាំមកព្យាបាល និងមានភាពចាំបាច់ក្នុងការត្រូវប្រើបន្ទប់សង្គ្រោះបន្ទាន់ តែស្ថានការណ៍នៅពេលនោះ ហាក់ដូចជាយ៉ាប់យ៉ឺនខ្លាំងណាស់ យើងមិនមានគ្រែគ្រប់គ្រាន់ សម្រាប់អ្នកជំងឺ តែយើង បានធ្វើការព្យាបាលដំណាក់កាលដំបូង និងដាក់ខ្យល់អុកស៊ីហ្ស៊ែនឱ្យអ្នកជំងឺហើយ តែមិនយូរប៉ុន្មាន អ្នកជំងឺក៏ស្លាប់ ហើយសាច់ញាតិរបស់អ្នកស្លាប់ ក៏ចោមរោមវាយមន្ត្រីរបស់យើងភ្លាមតែម្ដង» អ្នកនាំពាក្យរបស់មន្ទីរពេទ្យប៉ូលឡូ បានថែ្លងបែបនេះ។
ប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសឥណ្ឌា បានចូលដល់ដំណាក់កាលវិបត្តិធ្ងន់ តាំងពីមានការឆ្លងរាតត្បាតរលកទី2 ក្នុងអំឡុងខែកន្លងមក ដោយសារតែមេរោគវីរុសពូជឥណ្ឌា ឬ B.1.617 អាចចម្លងបានងាយជាមុន និងឆាប់រហ័សទៀតផង។
មន្ទីរពេទ្យជាច្រើនកន្លែងក្នុងប្រទេសឥណ្ឌា នៅតែជួបបញ្ហាខ្វះខាតខ្យល់អុកស៊ីហ្ស៊ែនយ៉ាងធ្ងន់ធ្ងរដដែល ធ្វើឱ្យអុកស៊ីហ្ស៊ែន មានតម្លៃកាន់តែខ្ពស់ឡើងទ្វេដងនៅក្នុងទីផ្សារងងឹត។ ក្នុងរបាយការណ៍ ចំនួនអ្នកឆ្លងមេរោគថ្មី បានកើនឡើងជាង 3សែននាក់ក្នុង 1ថ្ងៃ ជាប់ៗគ្នាច្រើនថ្ងៃមកហើយ និងមានចំនួនអ្នកស្លាប់សរុបច្រើនជាង 3,200នាក់ ក្នុង 1ថ្ងៃ៕
ប្រភព៖ news.abplive
ប្រែសម្រួលដោយ តាវ៉ែនតា