នាព្រឹកថ្ងៃទី1 ខែឧសភា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា ពលរដ្ឋជាង 64,000នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាង 1,105,600នាក់ ត្រូវបានក្រុមគ្រូពេទ្យ មិនអនុញ្ញាតឱ្យទទួលការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 គិតត្រឹមថ្ងៃទី30 ខែមេសា ឆ្នាំ2021។
រាប់ចាប់ពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021 ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021 កម្ពុជា មានអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុបចំនួន 1,105,633នាក់ ក្នុងនោះមានស្ត្រីចំនួន 493,663នាក់។
អ្នកស្ម័គ្រចិត្ត ដែលបានចាក់វ៉ាក់សាំងលើកទីមួយរួច មានចំនួន 1,045,023នាក់ ក្នុងនោះមាន 463,647នាក់ជាស្ត្រី។ ចំណែកអ្នកដែលបានចាក់វ៉ាក់សាំងលើកទីពីររួច មានចំនួន 694,334នាក់ ក្នុងនោះមានស្ត្រីចំនួន 280,170នាក់។ រីឯអ្នកដែលត្រូវបានក្រុមគ្រូពេទ្យបដិសេធការចាក់វ៉ាក់សាំង ព្រោះតែបញ្ហាសុខភាព មានចំនួន 64,441នាក់ ក្នុងនោះមានស្ត្រីចំនួន 34,056នាក់។
គិតមកដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021 នៅទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 13,402នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 5,152នាក់, អ្នកស្លាប់សរុប 93នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ មានចំនួន 8,150នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា