កាលពីថ្ងៃទី30 ខែមេសា (ម៉ោងនៅអឺរ៉ុប) អង្គការសុខភាពពិភពលោក (WHO) បានបញ្ចូលឈ្មោះ Moderna ទៅក្នុងបញ្ជីវ៉ាក់សាំងដែលត្រូវប្រើប្រាស់បន្ទាន់ ដើម្បីទប់ស្កាត់ Covid-19 ក្នុងគ្រាដែលប្រទេសជាច្រើនក្នុងពិភពលោក កំពុងរងការវាយលុកពីវីរុសនេះយ៉ាងធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន Reuters អង្គការសុខភាពពិភពលោក បានអនុម័តឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិក ដែលអភិវឌ្ឍដោយក្រុមហ៊ុន Moderna. Inc ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19 បន្ទាប់ពីបានវាយតម្លៃអំពីសុវត្ថិភាព និងប្រសិទ្ធភាព។
ក្រោយសេចក្ដីសម្រេចខាងលើ វ៉ាក់សាំងបង្ការវីរុសCovid-19 ឈ្មោះ Moderna នេះ បានក្លាយជាវ៉ាក់សាំងទី5 ដែលត្រូវបាន WHO អនុម័ត និងលើកទឹកចិត្តឱ្យប្រើប្រាស់ ដើម្បីចាក់ជូនពលរដ្ឋ។
ការអនុម័តនេះរបស់ WHO ក៏ជួយឱ្យបណ្ដាប្រទេសដែលមិនអាចផលិតវ៉ាក់សាំងបង្ការ Covid-19 ដោយខ្លួនឯង មានជម្រើសបន្ថែម នៅក្នុងការបញ្ជាទិញ។ Moderna ក៏នឹងត្រូវបានផ្គត់ផ្គង់ដល់ប្រទេសក្រីក្រ តាមរយៈ COVAX ដែលជាកម្មវិធីបែងចែកវ៉ាក់សាំងប្រកបដោយសមភាពជាសកល នៃអង្គការសុខភាពពិភពលោក។
វ៉ាក់សាំង Moderna ដែលត្រូវបានអភិវឌ្ឍដោយប្រើបច្ចេកវិទ្យា mNRA ត្រូវបានស្ថាប័នជំនាញ SAGE វាយតម្លៃថា មានប្រសិទ្ធភាព 94.1% បន្ទាប់ពីដំណើរការតាមដានអស់រយៈពេលប្រហែល 2ខែ។
យោងតាមទ្រឹស្ដី វ៉ាក់សាំង Moderna ត្រូវបានរក្សាទុកជាទម្រង់កក ច្រើនដូស នៅក្នុងដបតូចៗ ជាមួយនឹងសីតុណ្ហភាពចាប់ពី 25 ដល់ 15អង្សាសេ តែក៏អាចរក្សាទុកក្នុងទូទឹកកក រយៈពេល 30ថ្ងៃ ក្នុងសីតុណ្ហភាពចាប់ពី 2 ដល់ 8អង្សា។
កាលពីថ្ងៃទី19 ខែធ្នូ ឆ្នាំ2020 វ៉ាក់សាំង Moderna ត្រូវបានសហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ ដើម្បីទប់ទល់នឹងវីរុសCovid-19។ ជាមួយនឹងការសម្រេចនេះ វ៉ាក់សាំង Moderna ប្រមាណជា 6លានដូស នឹងត្រូវបានដឹកទៅកាន់មូលដ្ឋាននានារបស់សហរដ្ឋអាមេរិក ដើម្បីចាក់ជូនពលរដ្ឋ។
នៅសហរដ្ឋអាមេរិក រដ្ឋាភិបាល បានយល់ព្រមទិញវ៉ាក់សាំង Moderna តម្លៃ 15ដុល្លារ/ដូស ដើម្បីទទួលបានសិទ្ធិបញ្ជាទិញ 100លានដូស ដោយមិនមានឧបសគ្គ។
ចំណែកគណៈកម្មអឺរ៉ុប (EC) ក៏បានបញ្ជាទិញវ៉ាក់សាំងនេះ ចំនួន 80លានដូសបន្ថែមទៀត ដូច្នេះ ជាសរុប គិតមកដល់បច្ចុប្បន្ន EC បានបញ្ជាទិញវ៉ាក់សាំង Moderna នេះ ចំនួន 160លានដូស។ រីឯប្រទេសអង់គ្លេសវិញ ក៏បានបញ្ជាទិញវ៉ាក់សាំង Moderna ចំនួន 10លានដូសបន្ថែមទៀតដែរ ខណៈដែលប្រទេសបារាំង ក៏បាន «បើកភ្លើងខៀវ» ឱ្យ Moderna កាលពីពេលថ្មីៗនេះ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា