ស្ត្រីជនជាតិឥណ្ឌាម្នាក់ លុតជង្គង់នៅខាងក្រៅរោងចក្រផលិតអុកស៊ីសែនមួយកន្លែង នារដ្ឋធានី New Delhi ក្នុងបំណងជួយសង្គ្រោះជីវិតម្ដាយ ក៏ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក គាត់បានទទួលដំណឹងថា ម្ដាយបានលាចាកលោកទៅហើយ!
រដ្ឋធានីនៃប្រទេសឥណ្ឌា កំពុងតែខ្វះអុកស៊ីសែនយ៉ាងធ្ងន់ធ្ងរ ដោយសារតែតួលេខអ្នកឆ្លងវីរុសនេះ បាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ បញ្ហានេះ កំពុងប៉ះពាល់ដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺជាច្រើននៅប្រទេសឥណ្ឌា។ ស្ត្រីម្នាក់ឈ្មោះ Shruti Saha កាលពីថ្ងៃទី27 ខែមេសា ឆ្នាំ2021 បានចំណាយពេលអស់ជាច្រើនម៉ោង ក្នុងការស្វះស្វែងរកកន្លែងបញ្ចូលអុកស៊ីសែន នៅ New Delhi ដើម្បីយកមកជូនម្ដាយដែលកំពុងផ្ទុកវីរុសCovid-19។
ក្រោយពីរកឃើញទីតាំងបញ្ចូលអុកស៊ីសែនមួយដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្មនៃរដ្ឋធានី អ្នកស្រី Shruti Saha ក៏ត្រូវរង់ចាំ ចាប់ពីថ្ងៃទី27 រហូតដល់ថ្ងៃទី28 ខែមេសា ទើបដល់វេនខ្លួន។
ក្នុងពេលឈររង់ចាំយូរពេក Shruti Saha កាន់តែព្រួយបារម្ភចំពោះស្ថានភាពជំងឺរបស់ម្ដាយ ហើយគាត់ក៏សម្រេចចិត្តលុតជង្គង់ អង្វរសុំឱ្យទីតាំងនេះបើកទ្វារ។ ក៏ប៉ុន្តែ ក្រុមប៉ូលិស និងក្រុមសន្តិសុខ បានប្រាប់ឱ្យគាត់បន្តរង់ចាំ។
ក្រោយការរង់ចាំអស់ជាច្រើនម៉ោង Shruti Saha ក៏ត្រូវបានអ្នកផ្ទះទូរស័ព្ទមកប្រាប់ថា ម្ដាយគាត់បានបាត់បង់ជីវិតទៅហើយ។ អ្នកស្រីក៏ដួលទៅលើដី ខណៈដែលមនុស្សនៅជុំវិញ ព្យាយាមជួយលើកទឹកចិត្ត។ បំពង់អុកស៊ីសែនទទេរបស់គាត់ ត្រូវបានទុកចោលនៅកន្លែងដែលគាត់បានឈររង់ចាំវេន។
«ខ្ញុំបានចេញដំណើរពីផ្ទះ នៅវេលាម៉ោង2 រំលងអធ្រាត្រ។ នៅរដ្ឋ Delhi មិនមានអុកស៊ីសែន។ ចុងក្រោយ ខ្ញុំក៏បានមកដល់ទីនេះ។ ខ្ញុំបាននិយាយប្រាក់ពួកគេជាបន្តបន្ទាប់ថា ស្ថានភាពជំងឺរបស់ម្ដាយខ្ញុំ ពិតជាធ្ងន់ធ្ងរណាស់» Shruti Saha និយាយបណ្ដើរ យំបណ្ដើរ។
ទី Delhi ស្ថាប័នសុខាភិបាលបានរកឃើញថា រៀងរាល់ 4នាទី គឺមានអ្នកជំងឺCovid-19 ម្នាក់បានស្លាប់ ដែលស្ថានភាពនេះបានអូសបន្លាយពេលអស់ជាច្រើនថ្ងៃមកហើយ។ ដោយសារតែមន្ទីរពេទ្យនានា អស់កន្លែងសម្រាប់ដាក់អ្នកជំងឺ គ្រួសារអ្នកជំងឺក៏ត្រូវព្យាបាលនៅឯផ្ទះ ដោយការដាក់អុកស៊ីសែនឱ្យអ្នកជំងឺដកដង្ហើមជាបន្តបន្ទាប់។
នៅមុខរោងចក្រអុកស៊ីសែន អ្នកស្រី Shruti Saha បានរៀបរាប់ថា៖ «ពួកខ្ញុំ ខំស្វែងរកមន្ទីរពេទ្យអស់ជាច្រើនថ្ងៃមកហើយ។ សូមនាំខ្ញុំត្រលប់ទៅផ្ទះវិញ ឥឡូវនេះ»។ ពេលនោះ គេឃើញមានបុរសម្នាក់ ចាប់កាន់ដៃអ្នកស្រី ហើយនាំគាត់ចាកចេញទៅ ដោយក្ដីអស់សង្ឃឹម៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា