លោក Narmabaden Modi ឪពុកមារបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា វ័យ 80ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-19 កាលពីថ្ងៃទី27 មេសា ក្រោយពីចូលព្យាបាលខ្លួននៅក្នុងមន្ទីពេទ្យបាន 10ថ្ងៃ ខណៈពេលជាមួយគ្នា អភិបាលក្រុងនីវដេលី បានចេញបញ្ជាឱ្យចំនួនឈើដែលជាអុស សម្រាប់ដុតបូជាសាកសព ត្រូវតែមានជាប់ជានិច្ច ក្រោយពីមានការកើនឡើងនៃចំនួនសាកសព និងនាំឱ្យមានការសាងសង់កន្លែងដុតបូជាសពថ្មីឡើងយ៉ាងបន្ទាន់ ក្រោយស្ថានការណ៍វិបត្តិឆ្លងរាលដាល ដែលនៅតែមានជាបន្តឥតឈប់ឈរ។
CNN ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញ (ទី28 មេសា) បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ត្រូវបាត់បង់សាច់ញាតិម្នាក់ដោយសារវិបត្តិកូវីដ-19 ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌា នៅពេលដែលលោក ណាម៉ាដាបេន ម៉ូឌី (Narmadaben Modi) ជាឪពុកមា វ័យ 80ឆ្នាំ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពី 10ថ្ងៃមុន បានស្លាប់នៅទីនោះ ដោយសារជំងឺកូវីដ-19 កាលពីថ្ងៃអង្គារ(ទី27មេសា)។
លោក Prahlad Modi ប្អូនប្រុសរបស់លោកម៉ូឌី បានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍ថា “លោកពូ ណាម៉ាដាបេន របស់ពួកយើង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យរដ្ឋ កាលពីប្រមាណជា 10ថ្ងៃមុន ក្រោយពីអាការរបស់លោកធ្លាក់ចុះទ្រុឌទ្រោមខ្លាំង ដោយសារការឆ្លងមេរោគវីរុសកូរ៉ូណា ពេលនេះលោកបានស្លាប់ហើយ”
យ៉ាងណាក្ដី លោកម៉ូឌី មិនទាន់បានចេញមកថ្លែងការណ៍អ្វី អំពីការស្លាប់របស់ឪពុកមានៅឡើយ តែ CNN បានរាយការណ៍ថា កន្លងមក លោកម៉ូឌី បានរងការរិះគន់យ៉ាងខ្លាំង ចំពោះការបរាជ័យក្នុងការទប់ស្កាត់ស្ថានការណ៍ជំងឺរាតត្បាតនេះ ខណៈដែលគណបក្សនយោបាយ BJP របស់លោកនៅតែចេញឃោសនានយោបាយបក្ស បន្តឥតឈប់ សម្រាប់ការបោះឆ្នោតក្នុងតំបន់ ដែលកំពុងជិតមកដល់។
ដោយការឃោសនារកសំឡេងឆ្នោតរបស់ BJP បានកើតឡើងនៅឯរដ្ឋតេឡាំងហ្គាណា (Telangana) និងរូបភាពដែលបានផូស្តដោយមន្ត្រីរបស់គណបក្ស BJP របស់រដ្ឋ កាលពីថ្ងៃចន្ទ (ទី26មេសា) បានបង្ហាញឱ្យឃើញពីហ្វូងមនុស្សដ៏ណែនណាន់តាន់តាប់ ប្រមូលផ្ដុំគ្នានៅឯទីស្ដីការរដ្ឋបាល Greater Warangal ដែលជាកន្លែងរៀបចំការឃោសនារកសំឡេងឆ្នោត និងមនុស្សដ៏ច្រើន មិនបានពាក់ម៉ាស់ការពារ ឬរក្សាគម្លាតសុវត្ថិភាពឡើយ។
ខណៈពេលជាមួយគ្នា ក្នុងការបង្កើនការដុតបូជាសពអ្នកជំងឺកូវីដ-19 ដោយសារវិបត្តិជំងឺឆ្លងដ៏ធំនេះ បានបណ្ដាលឱ្យលោកអភិបាលក្រុងនីវដេលីខាងជើង ត្រូវផ្ញើសំបុត្រសំណូមពរ សុំឱ្យការបញ្ជូនអុសឈើ សម្រាប់ដុតបូជាសាកសព ត្រូវធ្វើឡើងជាបន្តបន្ទាប់កុំឱ្យដាច់។
សំបុត្រដែលលោក Jai Prakash ដែលផ្ញើទៅប្រធានគណៈអភិបាលក្រុងនីវដេលី លោក Arvind Kejriwal ដើម្បីសុំឱ្យចេញបញ្ជាទៅផ្នែករុក្ខាប្រមាញ់ ជួយចាត់ចែងរកឈើអុសឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា មិនរអាក់រអួល ដើម្បីឱ្យខាងស្ថានឈាបនកិច្ច អាចធ្វើការងារបានដោយរលូន និងមិនកើតមានផលប៉ះពាល់ដល់ក្រុមគ្រួសារអ្នកស្លាប់។ ចំពោះតែទីក្រុងនីដេលីមួយ កាលពីថ្ងៃអង្គារ ទី27 មានអ្នកស្លាប់ដោយសារកូវីដ-19 សរុបទាំងអស់ 381នាក់៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា