ប្រទេសថៃ នាដើមសប្ដាហ៍នេះ បានប្រែក្លាយកន្លែងបំពេញបែបបទ check-in របស់អាកាសយានដ្ឋាន សុវណ្ណភូមិ (Suvarnabhumi) ឱ្យទៅជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ជាផ្នែកមួយនៃការប្រឹងប្រែងក្នុងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 របស់រដ្ឋាភិបាល។
បុគ្គលិកសុខាភិបាលនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋជាង 1,000នាក់ ជារៀងរាល់ថ្ងៃ នៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកកនេះ។ អ្នកស្រី Siwaporn Singkhrut ជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋជាង 30,000នាក់ដំបូង ដែលបានទទួលការចាក់វ៉ាក់សាំងនៅព្រលានយន្តហោះសុវណ្ណភូមិ បានឱ្យដឹងថា នៅមានកន្លែងជាច្រើនទៀតដែលអាចប្រើប្រាស់ជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង។ «បច្ចុប្បន្ន មានតែមួយផ្នែកនៃព្រលានយន្តហោះ បានដំណើរការ។ ជារឿងល្អជាងនេះ បើសិនវាត្រូវបានប្រើប្រាស់ទាំងស្រុង ដើម្បីឱ្យគ្រប់គ្នាអាចចូលមកទទួលការចាក់វ៉ាក់សាំង» អ្នកស្រី Siwaporn Singkhrut រៀបរាប់។
ប្រទេសថៃ កំពុងឆ្លងកាត់បញ្ហាCovid-19 ដែលឆ្លងលឿនបំផុត និងក្នុងទ្រង់ទ្រាយធំបំផុត ខណៈដែលករណីវិជ្ជមានថ្មី កើនឡើងទ្វេដង រាប់ចាប់ពីដើមខែមេសានេះ ក្នុងនោះ កាលពីថ្ងៃទី28 ប្រទេសថៃរកឃើញអ្នកវិជ្ជមានថ្មីចំនួន 2,012នាក់ និងស្លាប់ថ្មី 15នាក់។ បច្ចុប្បន្ន ប្រទេសនេះមានអ្នកវិជ្ជមានសរុបចំនួន 61,699នាក់ និងស្លាប់សរុប 178នាក់ ខណៈ 27,119នាក់កំពុងព្យាបាល។
អាជ្ញាធរថៃ បានបិទទ្វារសាលារៀន ហាមការជួបជុំដែលមានមនុស្សលើសពី 50នាក់ និងហាមលក់ភេសជ្ជៈដែលមានជាតិអាល់កុល ក្នុងរយៈពេលយ៉ាងតិចពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី18 ខែមេសា។ ក្រុមមន្ត្រីរដ្ឋាភិបាល បានប្រកាសថា រាជធានីបាងកក និងខេត្តចំនួន 17 ដែលស្ថិតក្នុង «តំបន់ក្រហម» ត្រូវអនុវត្តវិធានការទប់ស្កាត់ Covid-19 យ៉ាងតឹងរ៉ឹង៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា