នាយប់ថ្ងៃទី28 ខែមេសា ឆ្នាំ2021 វ៉ាក់សាំង Sinopharm ចំនួន 4សែនដូស ដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជា ហើយវ៉ាក់សាំងទាំងនេះ នឹងត្រូវបានយកទៅចាក់ជូនពលរដ្ឋនៅក្នុង «តំបន់ក្រហម»។
មកដល់បច្ចុប្បន្ន កម្ពុជា បានទទួលជំនួយជាវ៉ាក់សាំងបង្ការ Covid-19 ពីប្រទេសចិន ចំនួន 3លើករួចហើយ ដែលសរុបមានចំនួន 1.7សែនដូស។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុកវ៉ាក់សាំងផលិតនៅប្រទេសចិននេះគឺជា វ៉ាក់សាំងយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19។
វ៉ាក់សាំង Sinopharm ចំនួន 1.7លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ដែលកម្ពុជាទទួលបានកន្លងមក រួមមាន លើកទីមួយក្នុងខែកុម្ភៈ 6សែនដូស, លើកទីពីរក្នុងខែមីនា 7សែនដូស និងលើកទីបីក្នុងខែមេសានេះ មានចំនួន 4សែនដូស។
នៅទូទាំងប្រទេសកម្ពុជា គិតមកដល់បច្ចុប្បន្ន (29 ខែមេសា) តួលេខអ្នកឆ្លង Covid-19 សរុបបានកើនដល់ 11,761នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 4,698នាក់, អ្នកស្លាប់ 88នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 6,968នាក់៕
ប្រភព៖ វិទ្យុជាតិ
ដកស្រង់៖ បុត្រា