ថ្ងៃទី26 មេសា សារព័ត៌មាន Straits Times បានរាយការណ៍ថា ក្រសួងសុខាភិបាលនៃប្រទេសហ្វ៊ីលីពីន បានថ្លែងនៅពេលល្ងាច តាមពេលវេលាក្នុងតំបន់ថា រកឃើញអ្នកជំងឺកូវីដ-19 ថ្មីបន្ថែមទៀត 8,929នាក់ បណ្ដាលឱ្យចំនួនអ្នកឆ្លងមេរោគសរុបឡើងដល់ជាង 1លាននាក់ហើយ។
ឡើងគ្រងតំណែងជាប្រទេសទី2 ក្នុងតំបន់អាស៊ាន ដែលមានអ្នកឆ្លងមេរោគលើស 1លាននាក់ តាមពីក្រោយឥណ្ឌូនេស៊ី ដែលមានអ្នកឆ្លងមេរោគជាង 1.6លាននាក់ ចំណែកអ្នកស្លាប់ក្នុងប្រទេសមួយនេះវិញ បានកើនឡើងដល់ 16,853នាក់។
ខណៈពេលជាមួយគ្នា លំដាប់លេខ3 សម្រាប់ប្រទេសដែលមានអ្នកជំងឺកូវីដ-19ខ្ពស់បំផុតក្នុងអាស៊ាននេះ គឺប្រទេសម៉ាឡេស៊ី ជាមួយនឹងចំនួនអ្នកឆ្លងសរុប 395,718នាក់ ស្លាប់ 1,449នាក់។ មីយ៉ាន់ម៉ា មានអ្នកជំងឺសរុប 142,722នាក់ ស្លាប់ 3,207នាក់ ខណៈសិង្ហបុរី មានអ្នកជំងឺបន្ថែមទៀត 45នាក់ សរុប 61,051នាក់ និងស្លាប់ 30នាក់។
ប្រទេសថៃ មានអ្នកឆ្លងមេរោគ សរុប 57,508នាក់ ស្លាប់ 148នាក់។ ព្រះរាជាណាចក្រកម្ពុជា មានអ្នកជំងឺសរុប យ៉ាងតិច 9,975នាក់ ស្លាប់ 74នាក់ រីឯប្រទេសវៀតណាម មានអ្នកជំងឺសរុប 2,843នាក់ ស្លាប់ 35នាក់។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានអ្នកជំងឺកើនឡើងដល់ 436នាក់ មិនទាន់មានអ្នកស្លាប់ និងប្រទេសប្រ៊ុយណេ មានអ្នកឆ្លងមេរោគ សរុប 223នាក់ និងស្លាប់ 3នាក់៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា