វ៉ាក់សាំងបង្ការវីរុសCovid-19 ចំនួន 4សែនដូសទៀត ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជានៅថ្ងៃស្អែក។ នេះបើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។
នៅព្រឹកថ្ងៃទី27 ខែមេសានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំង Covid-19 ដែលជាជំនួយឥតសំណងលើកទីបីរបស់ចិន នឹងមកដល់កម្ពុជានៅយប់ថ្ងៃទី28 ខែមេសា ឆ្នាំ2021។ វ៉ាក់សាំង Sinopharm ចំនួន 4សែនដូសនេះគឺជាវ៉ាក់សាំងដែលស្ថិតនៅក្នុងចំណោមកញ្ចប់វ៉ាក់សាំងដែលចិនបានសន្យាថា នឹងផ្ដល់ជាបន្តបន្ទាប់ដល់កម្ពុជា។
ក្នុងពិធីទទួលវ៉ាក់សាំងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021 លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ខ្ញុំធ្លាប់បានលើកឡើងថា ប្រសិនបើជំងឺCovid-19 នៅតែបន្តរាតត្បាតក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើការប្រយុទ្ធប្រឆាំងវីរុសនេះ ក៏នៅតែបន្តឥតឈប់ឈរ។ ហើយខ្ញុំសូមបញ្ជាក់ថា ប្រទេសចិននៅតែបន្តផ្តល់ការគាំទ្រក៏ដូចជាផ្តល់ជំនួយឥតសំណង ដែលជាវ៉ាក់សាំង ជូនដល់ភាគីកម្ពុជា ឬក៏ផ្តល់ភាពងាយស្រួលដល់ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា»។
កន្លងមក កម្ពុជា ទទួលបានជំនួយជាវ៉ាក់សាំងបង្ការ Covid-19 ចំនួនពីរលើកមកហើយពីប្រទេសចិន រួមមាន លើកទីមួយចំនួន 6សែនដូស និងលើកទីពីរចំនួន 7សែនដូស។
គិតមកដល់បច្ចុប្បន្ន កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការ Covid-19 ចំនួនជិត 4លានដូសរួចហើយ ដែលភាគច្រើនជាវ៉ាក់សាំងជាជំនួយឥតសំណង និងទិញពីប្រទេសចិន។ វ៉ាក់សាំងសរុបដែលកម្ពុជាទទួលបានកន្លងមក រួមមាន វ៉ាក់សាំង Sinopharm ចំនួន 1.3លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំង Sinovac ចំនួន 2លានដូសដែលទិញពីប្រទេសចិន និងវ៉ាក់សាំង AstraZeneca ចំនួន 324,000ដូស ដែលជាជំនួយរបស់ពិភពលោក ក្នុងកម្មវិធី Covac របស់អង្គការសុខភាពពិភពលោក (WHO)។
នៅក្នុងឆ្នាំ2021នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការ Covid-19 ចំនួន 10លានដូស រួមមាន 1.5លានដូសនឹងមកដល់នៅក្នុងខែឧសភា, 3លានដូស ក្នុងខែមិថុនា, 2លានដូសក្នុងខែកក្កដា និង 1លានដូសទៀតនឹងមកដល់ក្នុងខែសីហា។ នេះបើតាមប្រកាសកន្លងមករបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ បុត្រា