កាលពីថ្ងៃទី25 មេសា ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ពីវិបត្តិកូវីដ-19 ដែលឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌា ដោយស្ថិតិអ្នកឆ្លងមេរោគថ្មីប្រចាំថ្ងៃ បានបំបែកស្ថិតិពិភពលោក លើស 3សែននាក់ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃ ដោយកាលពីថ្ងៃទី24 មេសា មានចំនួន 349,691នាក់ និងស្លាប់ 2,767នាក់ ក្នុងអំឡុងពេល 24ម៉ោង។
សម្រាប់ចំនួនអ្នកឆ្លងមេរោគសរុប បានឡើងជិតដល់ 17លាននាក់ ចំណែកចំនួនអ្នកស្លាប់ កើនឡើងដល់ 192,310នាក់។ បច្ច័យចម្បងរបស់ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនេះ បណ្ដាលមកពីមេរោគកូវីដ-19ក្លាយពូជ រួមទាំងការប្រមូលផ្ដុំគ្នា ក្នុងរដូវកាលខាងសាសនា ដែលមានប្រជាជននាំគ្នាហែមកចូលរួមជាច្រើនលាននាក់ កាលពីដើមខែមេសា។
ក្រៅពីវិបត្តិអ្នកជំងឺ ហៀរមន្ទីរពេទ្យហើយ បរិមាណខ្យល់អុកស៊ីហ្ស៊ែន ដែលទុកព្យាបាលអ្នកជំងឺ ក៏មានមិនគ្រប់គ្រាន់ រហូតធ្វើឱ្យអ្នកជំងឺអាការធ្ងន់ធ្ងរ ត្រូវស្លាប់យ៉ាងគួរតក់ស្លុត។
ក្រៅពីនោះ ប្រទេសឥណ្ឌា ថែមទាំងត្រូវប្រឈមនឹងចំនួនសាកសពអ្នកជំងឺកូវីដ-19 ដែលមានច្រើនហៀរកន្លែងតម្កល់សពជាបន្តបន្ទាប់ រហូតដល់អាជ្ញាធរត្រូវអាស្រ័យលើការដុតបូជា នៅតាមទីវាលស្រឡះៗ ដោយបណ្ដារថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ បានដឹកសាកសពយកមកដាក់នៅកន្លែងឈាបនកិច្ចបណ្ដោះអាសន្នយ៉ាងបន្តកន្ទុយគ្នាឥតឈប់ឈរ អ្នកខ្លះអាចត្រូវរង់ចាំបូជាសពសាច់ញាតិ យូររហូតដល់ទៅ 6ម៉ោងក៏មាន។
រូបភាពពីយន្តហោះដ្រូន បានបង្ហាញឱ្យឃើញទីកន្លែងបូជាសពដ៏ធំទូលាយមួយ នៅក្នុងទីក្រុងនីវដេលី មានគំនរភ្លើងជាចំណុច។ សាកសពត្រូវបានរុំជុំជិតដោយក្រណាត់ស និងត្រូវគរសង្កត់ពីលើដោយគំនរអុស មុននឹងបញ្ឆេះភ្លើង ដុតបូជាដោយអាជ្ញាធរ និងសាច់ញាតិដែលសុទ្ធតែស្លៀកឈុត PPE ពណ៌ស ការពារខ្លួនយ៉ាងគត់មត់។
គិតតាំងពីថ្ងៃទី15 មេសាមក ប្រទេសឥណ្ឌា មានរបាយការណ៍អ្នកឆ្លងកូវីដ ខ្ពស់លើស 2សែននាក់ ដែលច្រើនជាងស្ថិតិខ្ពស់បំផុតប្រចាំឆ្នាំ2020 ដែលមានតែ 93,000នាក់ក្នុង 1ថ្ងៃនោះទៅទៀត បន្ទាប់ពីនោះ ចំនួនអ្នកឆ្លងមេរោគថ្មី ថែមទាំងបានកើនឡើងដល់ជាង 3សែននាក់ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃហើយទៀតផង។
លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងអំពាវនាវ សុំឱ្យប្រជាជនគ្រប់រូប ចូលទទួលយកការចាក់វ៉ាក់សាំង និងប្រយ័ត្នខ្លួនឯងពី “ព្យុះសង្ឃរានៃការឆ្លងមេរោគ” ដែលគ្រានេះបានញាប់ញ័ររញ្ជួយទូទាំងប្រទេស។
លោកម៉ូឌី បានថ្លែងថា “ការឆ្លងរាលដាលរលកទី1 យើងតស៊ូប្រយុទ្ធ រហូតបានជោគជ័យ រហូតមានជឿជាក់ តែគ្រានេះ ព្យុះសង្ឃរា បានវាយបោកបក់ទូទាំងប្រទេសរហូតញ័ររញ្ជួយ”
រដ្ឋបាលលោក ម៉ូឌី ត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរថា បានបណ្ដោយឱ្យការការពារខ្លួនធ្លាក់ចុះ និងធ្វេសប្រហែស មានការរៀបចំពិធីជួបជុំរបស់មនុស្សចំនួនដ៏ច្រើន ទាំងពិធីខាងសាសនា និងកិច្ចការងារខាងនយោបាយ ដោយមិនបានត្រៀមរួចជាស្រេចនូវប្រព័ន្ធសុខភាពសាធារណៈ សម្រាប់ទប់ទល់នឹងស្ថានការណ៍នេះឡើយ។
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ តាវ៉ែនតា