មានអ្នកជំងឺយ៉ាងតិច 22នាក់ បានស្លាប់កាលពីថ្ងៃពុធ (ទី21មេសា) ក្នុងមន្ទីរពេទ្យមួយ ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា បណ្ដាលមកពីការចែកចាយខ្យល់អុកស៊ីហ្ស៊ែនក្នុងប្រព័ន្ធម៉ាស៊ីនជួយការដកដង្ហើមរបស់ពួកគេ កើតការរអាក់រអួល ក្រោយពីធុងផ្ទុកខ្យល់អុកស៊ីហ្ស៊ែន បានបែកធ្លាយ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ខណៈដែលប្រទេសឥណ្ឌាកំពុងជួបនឹងវិបត្តិ ចំនួនអ្នកស្លាប់ដោយសារកូវីដ-19 ប្រចាំថ្ងៃ ហក់ឡើងខ្ពស់ដល់ជាង 2,000នាក់ជាលើកដំបូង និងករណីឆ្លងថ្មី ក៏កើនឡើង 1ថ្ងៃជិត 300,000នាក់ដែរនោះ បានធ្វើឱ្យមន្ទីរពេទ្យទូទាំងប្រទេស ប្រឈមនឹងបញ្ហាខ្វះខាតខ្យល់អុកស៊ីហ្ស៊ែន។
ហេតុការណ៍អ្នកជំងឺស្លាប់ 22នាក់នេះ កើតឡើងនៅឯទីក្រុងណាស៊ីក ជាទីតាំងមួយក្នុងចំណោមតំបន់ដែលជំងឺកូវីដ-19 កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដោយអ្នកជំងឺទាំងនោះ កំពុងប្រើឧបករណ៍ម៉ាស៊ីនជួយការដកដង្ហើមនៅក្នុងមន្ទីរពេទ្យមួយ ហើយធុងផ្ទុកអុកស៊ីហ្ស៊ែន បានកើតការបែកធ្លាយ។ លោក រ៉ាឆេត តូប៉េ រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់រដ្ឋរ៉ាស្ត្រារៈ ដែលជារដ្ឋមួយមានបានធូរធារបំផុតរបស់ប្រទេសឥណ្ឌា និងជាមូលដ្ឋានរបស់ទីក្រុងនោះ បានថ្លែងឱ្យដឹង។
សោកនាដកម្មក្នុងគ្រានេះ ជាការដាក់បន្ទុកបន្ថែមពីលើសេចក្ដីទុក្ខលំបាកចំពោះប្រទេសឥណ្ឌា ប្រទេសដែលមានប្រជាជន 1,300លាននាក់ ដែលកំពុងប្រឈមនឹងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា រលកទី2 ដែលលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ប្រាប់ថា “ឆាប់រហ័ស និងធ្ងន់ធ្ងរដូចព្យុះសង្ឃរា” និងកំពុងសាងបន្ទុកធ្ងន់ធ្ងរ ដល់មន្ទីរពេទ្យទូទាំងប្រទេស។
ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានរាយការណ៍កាលពីថ្ងៃពុធ ទី21 មេសាថា ក្នុងជុំ 24ម៉ោង ដែលកន្លងទៅ មានមនុស្សស្លាប់ក្នុងចំនួនខ្ពស់បំផុត 2,023នាក់ ចំណែកអ្នកឆ្លងមេរោគ មាន 295,000នាក់ ជិតស្មើនឹងស្ថិតិរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលកូវីដឆ្លងរាលដាលខ្លាំងនៅទីនោះ កាលពីខែមករា ខណៈដែលមន្ទីរពេទ្យទូទាំងប្រទេស មានរបាយការណ៍ អំពីការខ្វះខាតអុកស៊ីហ្ស៊ែន។
ទោះជា ឥណ្ឌា ជាប្រទេសដែលល្បីឈ្មោះថា ជាប្រទេសអ្នកផលិតវ៉ាក់សាំងធំជាងគេរបស់ពិភពលោក រួមទាំងរដ្ឋបាល ក៏បានបញ្ជាឱ្យផ្អាកការនាំចេញវ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ដើម្បីរក្សាទុកប្រយុទ្ធប្រឆាំងនឹងការរាលរាលរបស់វីរុសកូរ៉ូណារលកទី2 ផងក្ដី តែពេលនេះ ឥណ្ឌា ទើបតែចាក់វ៉ាក់សាំងឱ្យប្រជាជនបានជាង 130លានដូសប៉ុណ្ណោះ ហើយដើម្បីពន្លឿនដំណើរការរឿងនេះ ឱ្យកាន់តែឆាប់រហ័សឡើង រដ្ឋបាលបានប្រកាសថា ចាប់ពីថ្ងៃទី1 ឧសភា តទៅ ប្រជាជនវ័យចំណាស់គ្រប់រូប មានសិទ្ធិចូលទទួលការចាក់វ៉ាក់សាំងទាំងអស់៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ តាវ៉ែនតា