(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ នាថ្ងៃទី22 ខែមេសា ឆ្នាំ2021នេះ បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា មន្ត្រីម្នាក់នៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឆ្លងវីរុសCovid-19។
មន្ត្រីខាងលើដែលមានឈ្មោះថា ពាំង សាម៉ុន ភេទប្រុស អាយុ 45ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ229B ផ្លូវលេខ48 ភូមិឬស្សី1 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញថា វិជ្ជមាននឹង Covid-19 កាលថ្ងៃទី20 ខែមេសា ឆ្នាំ2021។
យោងតាមអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ លោក ពាំង សាម៉ុន បានទៅចាក់វ៉ាក់សាំងដូសទីមួយកាលពីព្រឹកថ្ងៃទី3 ខែមេសា ឆ្នាំ2021 នៅវិមានរដ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ អំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់។
ចំណែកអ្នកដែលបានពាក់ព័ន្ធប្រយោល អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ ស្នើឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល 14ថ្ងៃ និងតាមដានសុខភាពខ្លួនឯងតាមការណែនាំរបស់ ក្រសួងសុខាភិបាល៕
ប្រភព៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ
ដកស្រង់៖ បុត្រា