អាជ្ញាធរសម្រេច បិទផ្សារដេប៉ូបណ្ដោះអាសន្ន រយៈពេល 14ថ្ងៃ បន្ទាប់ពីផ្សារនេះជាប់ពាក់ព័ន្ធជាមួយនឹងអ្នកឆ្លង Covid-19 នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដែលបានចេញនៅថ្ងៃទី21 ខែមេសា ឆ្នាំ2021។
បទបញ្ជាខាងលើនឹងមានសុពលភាពចាប់ពីម៉ោងសូន្យ ថ្ងៃទី21 ខែមេសា ឆ្នាំ2021 រហូតដល់ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 ដើម្បីបង្ការនូវការឆ្លងរាលដាលនៃវីរុសCovid-19 ដល់អាជីវករ និងអតិថិជនដែលនឹងមកជួញដូរនៅផ្សារដេប៉ូ។
ទន្ទឹមនឹងនេះ អាជ្ញាធរខណ្ឌទួលគោកក៏បានអំពាវនាវដល់អ្នកដែលធ្លាប់បានចេញ-ចូលផ្សារដេប៉ូ រាប់ចាប់ពីថ្ងៃទី7 ខែមេសា ឆ្នាំ2021 ដល់ថ្ងៃទី14 ខែមេសា ឆ្នាំ2021 ត្រូវប្រញាប់ទៅធ្វើតេស្តរកវីរុសCovid-19 ជាបន្ទាន់ នៅបរិវេណទីរួមផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទីមួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងត្រូវធ្វើចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ប្រសិនបើមានអាការក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងសង្ស័យថា ខ្លួនឆ្លងវីរុសនេះ។
គិតមកដល់បច្ចុប្បន្ន (21មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 7,747នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 2,794នាក់, អ្នកស្លាប់ 54នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 4,893នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា