អភិបាលក្រុងតូក្យូ និងខេត្តអូសាកា នឹងសំណូមពរឱ្យរដ្ឋាភិបាលជប៉ុន ពិចារណាពីការប្រកាសស្ថានការណ៍អាសន្ន ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់ជំងឺកូវីដ-19 ជុំទី3 ដោយវិធានការដែលតឹងរ៉ឹង ម៉ឺងម៉ាត់ខ្លាំងបំផុត គឺបិទភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងកម្សាន្តទាំងអស់។
លោក ហ៊ីរ៉ូហ្វ៊ូមិ យ៉ូស៊ីមូរ៉ាក់ អភិបាលខេត្តអូសាកា បានថ្លែងថា លោកនឹងសំណូមពរ សុំឱ្យរដ្ឋបាលជប៉ុនប្រកាសស្ថានការណ៍អាសន្ន នៅក្នុងខេត្តអូសាកា ក្រោយពីចំនួនអ្នកឆ្លងមេរោគថ្មីនៅក្នុងខេត្តមួយនេះកាលពីសប្ដាហ៍កន្លងទៅ មានច្រើនជាង 1,000នាក់ជាបន្តបន្ទាប់ជាប់គ្នា 6ថ្ងៃ ចំណែកកាលពីថ្ងៃចន្ទ ទី19 មេសា ដែលជាធម្មតា នឹងមានលទ្ធផលត្រួតពិនិត្យតិចតួច ក្រោយពីការឈប់សម្រាកចុងសប្ដាហ៍នោះ ក៏នៅតែមានអ្នកឆ្លងមេរោគច្រើនដល់ទៅ 719នាក់ដែរ ដែលនេះ ជាតួលេខខ្ពស់ជាប្រវត្តិសាស្ត្រ របស់ខេត្តអូសាកា សម្រាប់ថ្ងៃចន្ទ។
ប្រព័ន្ធការព្យាបាល នៅក្នុងខេត្តអូសាកា កំពុងតែរងបន្ទុកយ៉ាងធ្ងន់ធ្ងរបំផុត គ្រែអ្នកជំងឺកំពុងតែជិតពេញអស់ រហូតដល់ត្រូវសុំខាងខេត្ត ស៊ីង៉ៈ ដែលស្ថិតនៅជិតគ្នានោះ ឱ្យជួយទទួលអ្នកជំងឺ បញ្ជូនក្រុមគ្រូពេទ្យមកជួយ និងផ្ដល់ការគាំទ្រផ្សេងៗទៀតផង។
ខេត្តជុំវិញអូសាកា គឺ ក្យូតូ, ណារ៉ា និងទីក្រុងកូបេ ក៏មានអ្នកឆ្លងមេរោគកូវីដកើនឡើងច្រើនដូចគ្នា ដោយសារតែមានអ្នកធ្វើដំណើរឆ្លងកាត់ទៅ-មកជាប្រចាំ។
ចំណែកខាងទីក្រុងតូក្យូវិញ លោកស្រី យូរីកូ ខូអ៊ីកេះ អភិបាលក្រុង ក៏បានប្រាប់ដែរថា លោកស្រីនឹងអំពាវនាវឱ្យរដ្ឋបាលជប៉ុន ប្រកាសស្ថានការណ៍អាសន្ន ជាថ្មីម្ដងទៀត។ ក្រុងតូក្យូ បានអះអាងពីអ្នកឆ្លងមេរោគថ្មីចំនួន 405នាក់កាលពីថ្ងៃចន្ទ ទី19 មេសា កើនឡើងពីសប្ដាហ៍មុន 99នាក់ និងជាលើកដំបូងក្នុងជុំ 3ខែហើយ ដែលចំនួនអ្នកឆ្លងមេរោគថ្មី ក្នុងថ្ងៃចន្ទ ឡើងខ្ពស់ជាង 400នាក់។
អភិបាលក្រុងតូក្យូ បានសម្ដែងក្ដីព្រួយបារម្ភ ដែលមនុស្សវ័យកំលោះក្រមុំចំនួនដ៏ច្រើន នៅតែចេញទៅក្នុងទីតាំងដែលមានមនុស្សអ៊ូអរច្រើន ហើយ 42ភាគរយនៃចំនួនអ្នកឆ្លងមេរោគថ្មីក្នុងទីក្រុងតូក្យូ គឺជាមនុស្សក្នុងអំឡុងអាយុ 20-29ឆ្នាំ និង 30-39ឆ្នាំ។
ត្រៀមប្រើ “ធម៌ក្ដៅ” បញ្ជាឱ្យបិទហាង មិនមែនគ្រាន់តែកាត់បន្ថយពេលលក់ដូរនោះទេ
រដ្ឋបាលខេត្តអូសាកា នឹងជួបប្រជុំគ្នា ដើម្បីដាក់សំណូមពរទៅរដ្ឋាភិបាល សុំឱ្យប្រកាសស្ថានការណ៍អាសន្ន នៅថ្ងៃនេះ(ទី20មេសា) ចំណែកទីក្រុងតូក្យូ នឹងសរុបរឿងនេះ នៅថ្ងៃទី22 ខែមេសា។
ទាំង ២ខេត្ត នឹងស្នើសុំឱ្យប្រើវិធានការដែលតឹងរ៉ឹងម៉ឺងម៉ាត់ជាងមុន សម្រាប់ការប្រកាសស្ថានការណ៍អាសន្នលើកនេះ គឺ ឱ្យភោជនីយដ្ឋាន ហាងលក់ទំនិញ កន្លែងកម្សាន្ត បិទដំណើរការទាំងស្រុង។ វិធានការលើកនេះ នឹងខុសប្លែកពីស្ថានការណ៍អាសន្នគ្រាមុនៗ និងជា “វិធានការគ្រប់គ្រងពិសេស។
ចំនួនអ្នកឆ្លងមេរោគកូវីដ-19 នៅក្នុងប្រទេសជប៉ុន ក្នុងខណៈពេលនេះ កើនឡើងច្រើនជាប្រវត្តិសាស្ត្រ ខ្លាំងជាងពេលណាៗទាំងអស់ អ្នកឆ្លងមេរោគទូទាំងប្រទេស កើនឡើង 1ថ្ងៃជាង 3,000នាក់ និងចំនួនអ្នកស្លាប់ដែលធ្លាប់តែបន្តិចបន្តួចនោះ ខណៈនេះកើនឡើងដល់ 1ថ្ងៃប្រមាណ 30នាក់ និងដែលសំខាន់នោះគឺ អ្នកឆ្លងមេរោគ ភាគច្រើន គឺវីរុសកូវីដក្លាយពូជបែបអង់គ្លេស ដែលអាចចម្លងសាយភាយ ងាយជាងមុនប្រមាណជា 1.7ដង(ឆ្លងលឿនជាងមុន ជិត ២ដង)។
បើរដ្ឋបាលជប៉ុន សម្រេចចិត្តប្រកាសស្ថានការណ៍អាសន្ន ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់ជំងឺកូវីដ-19នោះ លើកនេះគឺជាលើកទី3 ហើយ ដោយលើកដំបូងបានកើតឡើងក្នុងអំឡុងខែមេសា-ឧសភា ឆ្នាំទៅ ចំណែកលើកទី២ ធ្វើឡើងក្នុងអំឡុងខែមករា-កុម្ភៈ ឆ្នាំនេះឯង៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា