រកឃើញអ្នកឆ្លងមេរោគកូវីដ-19 ថ្មីទូទាំងពិភពលោក ក្នុងអំឡុង 7ថ្ងៃកន្លងមក ច្រើនដល់ទៅជាង 5.2លាននាក់ ច្រើនជាងសប្ដាហ៍ណាៗទាំងអស់ គិតចាប់តាំងពីរោគរាតត្បាតដ៏ធំនេះចាប់ផ្ដើមឡើង ដោយស្ថានការណ៍ការឆ្លងរាលដាល កាន់តែតែអាក្រក់ឡើងៗ យ៉ាងឆាប់រហ័សនៅក្នុងប្រទេសទាំងឡាយ ដែលខ្វះខាតឧបករណ៍ និងសម្ភារ សម្រាប់ចាត់ការជាមួយវីរុសកូរ៉ូណាប្រភេទថ្មីដ៏សាហាវនេះ។
សញ្ញាអាក្រក់ ដែលគួរឱ្យភ័យខ្លាចនេះ បានចាប់ផ្ដើមឡើង តែប៉ុន្មានថ្ងៃ ក្រោយពីចំនួនអ្នកស្លាប់ដោយសារកូវីដ-19 ទូទាំងពិភពលោក បានហក់ឡើងដល់ជាង 3លាននាក់ និងកើតឡើងក្នុងខណៈដែលប្រទេសផ្សេងៗជាច្រើន កំពុងដំណើរការគ្រោងការចាក់វ៉ាក់សាំង ក្នុងក្ដីព្យាយាមគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះឱ្យបាន។
យ៉ាងណាក្ដី ទិន្នន័យពីមហាវិទ្យាល័យ ចន ហប់គីនស៍ ដែលរកឃើញអ្នកឆ្លងមេរោគ កើនឡើង កាលពី ១សប្ដាហ៍មុនហ្នឹង ដល់ទៅ 12%នោះ បានបំផ្លាញសេចក្ដីសង្ឃឹមដែលថា ទីបញ្ចប់របស់ជំងឺរាលដាលដ៏ធំនេះ អាចស្ថិតនៅមិនឆ្ងាយប៉ុន្មាននោះ ខ្ទេចខ្ទីអស់រលីង។
តួលេខអ្នកឆ្លងមេរោគថ្មីប្រចាំសប្ដាហ៍ទាំងនោះ បានបំបែកឯកទគ្គកម្មចាស់ ដែលធ្លាប់កើតឡើងកាលពីអំឡុងពាក់កណ្ដាលខែធ្នូ កន្លងទៅ ដែលទោះជាងអត្រាការឆ្លងមេរោគ បានបង្អង់ល្បឿនភាគច្រើននៅក្នុងសហរដ្ឋអាមេរិកហើយក៏ដោយ តែ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ជាពិសេសបំផុត ឥណ្ឌា និងប្រេស៊ីល បែរជាកំពុងប្រឈមនឹងចំនួនអ្នកឆ្លងមេរោគ ដែលកើនឡើងខ្ពស់ យ៉ាងឥតឈប់ឈរទៅវិញ។
ចំនួនអ្នកស្លាប់ទូទាំងពិភពលោក ក៏វិលត្រឡប់មករកស្ថានការណ៍ដ៏អាក្រក់ម្ដងទៀតដូចគ្នាដែរ ក្រោយពីរកឃើញអ្នកស្លាប់ កើនឡើងកាលពីខែកន្លងទៅ និងចំនួនអ្នកស្លាប់ក្នុងជុំ 7ថ្ងៃ គិតត្រឹមថ្ងៃទី18 មេសា ស្ថិតក្នុងតួលេខជាង 82,000នាក់ គិតជាមធ្យម ជិត 12,000នាក់ ក្នុង 1ថ្ងៃ។ កើនឡើងយ៉ាងច្រើន ពីកម្រិតប្រមាណជា 60,000នាក់ ក្នុង 1សប្ដាហ៍ គិតត្រឹមថ្ងៃទី14 មីនា ឬគិតជាមធ្យម ប្រមាណ 8,600នាក់ ក្នុង ១ថ្ងៃ។
ឥណ្ឌា និងប្រេស៊ីល ជាប្រទេសយក្ស2 ដែលបានក្លាយជាកត្តាជំរុញ ឱ្យចំនួនអ្នកឆ្លងមេរោគប្រចាំថ្ងៃកើនឡើងខ្ពស់ទូទាំងពិភពលោក…គឺជាការប្រកួតប្រជែង ដែលគ្មានអ្នកណាចង់ឈ្នះ។ ទាំងអស់នេះ ក្រោយពីប្រឈមនឹងការកើនឡើងនៃអ្នកឆ្លងមេរោគកូវីដ-19 យ៉ាងឆាប់រហ័សនោះ ប្រទេសឥណ្ឌា បានវិលមកវ៉ាដាច់ នាំមុខប្រទេសប្រេស៊ីល ក្លាយជាប្រទេសដែលបានរងផលប៉ះពាល់ពីការឆ្លងរាលដាលខ្លាំងជាងគេបំផុត លំដាប់លេខ2 របស់ពិភពលោកជាថ្មីម្ដងទៀត ក្រោយបាត់បង់តំណែងនេះទៅឱ្យប្រទេសប្រេស៊ីលកាលពីខែមីនា។
រហូតមកដល់ពេលនេះ ឥណ្ឌា និងប្រេស៊ីល មានប្រជាជនចូលទទួលការចាក់វ៉ាក់សាំងរួចហើយ គិតជាភាគរយ 4.5% និង 8.3% នៃចំនួនប្រជាជនតាមលំដាប់ ដែលនេះ អាចនិយាយបានថា នៅតិចតួចណាស់ បើធៀបនឹងសហរដ្ឋអាមេរិក 33% និងចក្រភពអង់គ្លេស 32%។
យ៉ាងណាក៏ដោយ មិនមែនត្រឹមតែប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ដែលជួបនឹងបញ្ហាក្នុងការព្យាយាមគ្រប់គ្រងជំងឺរាតត្បាតដ៏ធំនេះឱ្យបាននោះ តែករណីរកឃើញបញ្ហាដុំឈាមញ៉ុកណែនក្នុងសរសៃឈាម នៅក្នុងប្រជាជន ដែលចាក់វ៉ាក់សាំងរបស់ ចនសុន អ៊ែន ចនសុន និងអ៊ែស្ត្រាហ្សេនេកា កំពុងធ្វើឱ្យរដ្ឋបាលប្រទេសផ្សេងៗទូទាំងពិភពលោក កើតមានក្ដីស្រពេចស្រពិល និងសង្ស័យចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនោះ។
មេរោគក្លាយពូជថ្មីរបស់កូវីដ-19 ក៏ជាបច្ច័យ 1ទៀត ដែលធ្វើឱ្យតួលេខអ្នកឆ្លងមេរោគ ហក់ខ្ពស់ឡើងដូចគ្នា ដោយប្រទេសប្រេស៊ីល បានរកឃើញមេរោគក្លាយពូជ P.1 ដែលគេជឿថា គឺជាមេរោគក្លាយពូជ ដែលមានភាពខ្លាំងក្លាបំផុត កាលពីខែធ្នូ កន្លងទៅ ខណៈដែលលទ្ធផលនៃការសិក្សាស្រាវជ្រាវ បានបញ្ជាក់ថា មេរោគក្លាយពូជ 1នេះ ដូចគ្នានឹងមេរោគក្លាយពូជ ដែលរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ដែលអាចចម្លងសាយភាយបានងាយជាង និងលឿនជាងមេរោគចាស់ច្រើនដងណាស់៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Bloomberg
ប្រែសម្រួលដោយ តាវ៉ែនតា