ក្រសួងសុខាភិបាលកម្ពុជា នឹងអនុវត្ដយុទ្ធនាការធ្វើតេស្ដរហ័សរកវីរុសCovid-19 ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស RapidTest ដែលត្រូវបានក្រសួងអះអាងថា ប្រើពេលត្រឹមតែ15នាទីប៉ុណ្ណោះ នឹងដឹងលទ្ធផលភ្លាម។
នៅគ្រប់ទីតាំងដែលមានការសង្ស័យ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាលខេត្ត ក្រុង ដែលមានហានិភ័យខ្ពស់នៃការឆ្លងវីរុស Covid-19 នឹងត្រូវប្រើឧបករណ៍ធ្វើតេស្ដរហ័សរកវីរុស Covid-19 ដែលមានឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នេះបើតាមប្រសាសន៍របស់ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ការសម្រេចចិត្តខាងលើរបស់ក្រសួងសុខាភិបាល ក៏ព្រោះតែឧបករណ៍តេស្តរហ័ស RapidTest នេះ បង្ហាញលទ្ធផលបានលឿន ដោយប្រើពេលត្រឹមតែ15នាទី ព្រមទាំងមានគុណភាព និងប្រសិទ្ធភាពក្នុងការធ្វើតេស្តរកវីរុស Covid-19។ ការលើកឡើងនេះត្រូវបានលោកជំទាវ យក់ សម្បត្ដិ បញ្ជាក់ថា គឺធ្វើឡើងបន្ទាប់ពីបានឃើញប្រសិទ្ធិភាពនៃឧបករណ៍តេស្ដរហ័សនេះ កាលពីថ្ងៃទី17មេសា នៅពេលដែលក្រសួងបានយកឧបករណ៍នេះទៅធ្វើតេស្ដលើអ្នកសង្ស័យថាមានផ្ទុក Covid-19 នៅផ្សារដើមគរ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអះអាងដែរថា ឧបករណ៍ RapidTest និងម៉ាស៊ីនធំប្រចាំវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញលទ្ធផលដូចគ្នា ពោលគឺបានរកឃើញ 91នាក់មានផ្ទុក Covid-19 នៅក្នុងចំណោមអ្នកជាប់សង្ស័យជាង 940នាក់ដែលបានធ្វើតេស្ត៕
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា