នៅថ្ងៃទី17 មេសា ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មេដឹកនាំនៃប្រទេសឥណ្ឌា បានសំណូមពរដល់អ្នកបួស និងប្រជាជនហិណ្ឌូជាច្រើនសែននាក់ ដែលមកជួបជុំប្រមូលផ្ដុំគ្នា ងូតទឹកនៅឯដងទន្លេគង្គា ភាគខាងជើងនៃប្រទេស ដើម្បីលាងជម្រះបាប នៅក្នុងពិធីមហាគុម្ភៈមេឡា តាមជំនឿសាសនាព្រាហ្ម-ហិណ្ឌូ សូមឱ្យផ្អាកធ្វើពិធីនេះសិន។
ក្រោមស្ថានការណ៍មានអ្នកឆ្លងមេរោគប្រចាំថ្ងៃ លើស 200,000នាក់ ជាប់ៗគ្នា រយៈពេល 3ថ្ងៃមកហើយនោះ មានអ្នកឆ្លងមេរោគថ្មីក្នុងជុំ 24ម៉ោងចុងក្រោយ ស្ថិតក្នុងចំនួន 234,692នាក់ ធ្វើឱ្យចំនួនសរុប កើនឡើងដល់ជិត 14.5លាននាក់ តាមក្រោយតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ចំណែកចំនួនអ្នកស្លាប់វិញ កើនឡើងដល់ 175,649នាក់។
លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានធ្វីតធើរសំណេរថា ពិធីនេះ ពេលនេះ គួរធ្វើជាលក្ខណៈនិមិត្តរូបវិញប្រសើរជាង ខណៈមេដឹកនាំសាសនា បានឯកភាពចំពោះសំណើនេះ និងអំពាវនាវឱ្យប្រជាជន កុំមកប្រមូលផ្ដុំគ្នា។
ទាំងអស់នេះ រដ្ឋបាលឥណ្ឌា ធ្លាប់ត្រូវរងការរិះគន់ ពាក់ព័ន្ធនឹងការចាត់ការលើវិបត្តិសុខភាពសាធារណៈ ដោយសារតែរដូវកាលសាសនា និងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនៅតែបន្តដំណើរការ បើទោះជាមានរបាយការណ៍ អំពីការខ្វះខាតគ្រែអ្នកជំងឺ ធុងខ្យល់អុកស៊ីហ្ស៊ែន និងវ៉ាក់សាំងការពារកូវីដ-19ក៏ដោយ។
ជាពិសេស ការឃោសនារកសំឡេងឆ្នោត របស់លោកនាយករដ្ឋមន្ត្រី ម៉ូឌីខ្លួនឯង 2លើក នៅក្នុងរដ្ឋបេងហ្គាលខាងលិច ដែលនឹងមានការបោះឆ្នោតថ្នាក់រដ្ឋ ដែលមានអ្នកគាំទ្រចូលរួមជាច្រើនពាន់នាក់ តែមានមនុស្សចំនួនតិចតួចបំផុត ដែលប្រតិបត្តិតាមវិធានការសុវត្ថិភាពពីកូវីដ-19។
នៅថ្ងៃជាមួយគ្នា ទីភ្នាក់ងារព័ត៌មាន ប្ល៊ូមប៊ើក បានរាយការណ៍ថា អង្គការសុខភាពពិភពលោក ឬ WHO បានបញ្ជាក់ថា វីរុសកូរ៉ូណាប្រភេទដែលបង្កឱ្យកើតជំងឺកូវីដ-19 ប្រភេទក្លាយពូជ B.1.617 ដែលចាប់កំណើតឡើងនៅក្នុងប្រទេសឥណ្ឌា អាចមានសមត្ថភាពក្នុងការចម្លងរាលដាលបានយ៉ាងលឿន និងឆាប់រហ័ស។
លោកស្រី ម៉ារៀ វែន ឃើខូហ្វ ប្រធានផ្នែកតិចនិកកូវីដ-19 របស់ WHO បានថ្លែងថា ក្រុមអ្នកស្រាវជ្រាវ ជីណូមកូវីដ-19 នៃប្រទេសឥណ្ឌា (INSACOG) បានបង្ហើបឱ្យដឹងថា B.1.617 បានបង្ហាញខ្លួនលើកដំបូងក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី7 ធ្នូ ឆ្នាំ2020 មានការក្លាយពូជលក្ខណៈពិសេសដោយឡែក 2ជាន់ មាន E484Q និង L452R ជារូបបែប ដែលរកឃើញនៅក្នុងប្រភេទវីរុស ដែលកំពុងឆ្លងរាលដាលដ៏ធំ និងបានដាក់ការសង្កេតឃើញថា B.1.617 កំពុងសាយភាយទៅក្នុងប្រទេសជាច្រើន និងមានរបាយការណ៍ អំពីការពិនិត្យរកឃើញនៅទូទាំងទ្វីបអាស៊ី និងអាមេរិកខាងជើងទៀតផង។
យ៉ាងណាក្ដី WHO បានចាត់ទុកវីរុសក្លាយពូជ 2ជាន់នេះ ជាមេរោគដែលត្រូវតែតាមស៊ើបអង្កេត ឬជាមេរោគដែលមិនទាន់អាចពិសោធបានយ៉ាងច្បាស់លាស់នៅឡើយ តែត្រូវចាប់ផ្ដើមប្រុងប្រយ័ត្នយ៉ាងដិតដល់ និងមិនទាន់អាចបញ្ជាក់អំពីភាពចាំបាច់ ត្រូវលើកកម្ពស់កម្រិតការដំណើរការ ខាងសុខភាពសាធារណៈ ដែរឬទេនៅឡើយ។
ខណៈដែលក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា ចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការថា B.1.617 អាចបង្កើនអត្រាការឆ្លងមេរោគ និងអាចបែកធ្លាយចេញពីប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយបាននោះ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអែល ក៏បានថ្លែងពីការរកឃើញ B.1.617 លើកដំបូងក្នុងប្រទេសដែរ ដោយមានអ្នកឆ្លងមេរោគថ្មីនេះ ជាជនជាតិអ៊ីស្រាអែល ចំនួន 7នាក់ ធ្វើដំណើរមកពីក្រៅប្រទេស ហើយទាំងអស់នោះ សុទ្ធតែមិនទាន់បានចាក់វ៉ាក់សាំងទាំងអស់៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា