គណៈគ្រប់គ្រងក្រុមហ៊ុនផលិតឱសថ Pfizer បានឱ្យដឹងថា អ្នកដែលបានទទួលវ៉ាក់សាំងការពារកូវីដ-19 គ្រប់ទាំង 2ដូសហើយ អាចមានភាពចាំបាច់ ត្រូវចាក់ដូសទី3 បន្ថែមទៀត ដើម្បីជំរុញប្រព័ន្ធប្រឆាំងជំងឺ ក្នុងរយៈពេល 6-12ខែទៀត។
នៅថ្ងៃទី15 ខែមេសា វេបសាយព័ត៌មាន CNBC បានផ្សព្វផ្សាយបទសម្ភាសរបស់លោក អាល់ប៊ើត បួឡា នាយកប្រតិបត្តិរបស់ ហ្វ៉ៃហ្ស៊ើរ ដែលបានបញ្ជាក់ផងដែរថា មានភាពអាចទៅរួចខ្លាំង ដែលមនុស្សទាំងអស់ អាចនឹងត្រូវចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណា ជាប្រចាំរៀងរាល់ឆ្នាំ។
“យើងនៅត្រូវរង់ចាំមើលទាំងអស់គ្នាថា តើវាមានភាពចាំបាច់ ក្នុងការត្រូវតែចាក់ដដែលៗឡើងវិញញឹកញាប់ប៉ុនណា?…តែ វាអាចទៅរួច ក្នុងការត្រូវតែចាក់ដូសទី3 ក្នុងអំឡុងពេល 6-12ខែ និងបន្ទាប់ពីនោះ ក៏អាចនឹងត្រូវចាក់ឡើងវិញរៀងរាល់ឆ្នាំទៀតផង ប៉ុន្តែទិន្នន័យទាំងអស់នេះ នៅត្រូវការរង់ចាំការអះអាងពីអ្នកជំនាញការជាមុនសិន” លោកបួឡា បានថ្លែងបែបនេះ ព្រមទាំងបន្ថែមថា ការក្លាយពូជរបស់មេរោគវីរុស ក៏ជា “កត្តាប្រែប្រួលសំខាន់” មួយទៀតដែរ។
អ្នកស្រាវជ្រាវទូទាំងពិភពលោក មិនទាន់អាចប្រកាសបាននៅឡើយថា តើវ៉ាក់សាំងប្រភេទផ្សេងៗ ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ នឹងអាចការពារការឆ្លងមេរោគវីរុសកូរ៉ូណា បានយូរប៉ុនណាឡើយ។
លទ្ធផលការសិក្សាស្រាវជ្រាវថ្មីបំផុតរបស់ហ្វ៉ៃហ្ស៊ើរ បានអះអាងថា វ៉ាក់វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពក្នុងការការពារវីរុសកូរ៉ូណាបាន 91% និងទប់ស្កាត់ការធ្លាក់ខ្លួនឈឺដោយកូវីដ-19 កម្រិតធ្ងន់ធ្ងរ បានច្រើនជាង 95% រយៈពេលយូរបំផុត 6ខែ បន្ទាប់ពីចាក់ដូសទី2 រួច។
តែយ៉ាងណាក្ដី អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា នៅត្រូវសិក្សាពីទិន្នន័យបន្ថែមទៀតថា តើវ៉ាក់សាំងនឹងហុចលទ្ធផលក្នុងការការពារ ក្រោយពេល 6ខែកន្លងផុតទៅ ដែរឬទេ?៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែសម្រួលដោយ តាវ៉ែនតា