ពិភពលោកទាំងមូល បច្ចុប្បន្ន មានអ្នកឆ្លងវីរុសCovid-19 ជិត 137លាននាក់ និងជាង 2.9លាននាក់បានស្លាប់ ធ្វើឱ្យសហរដ្ឋអាមេរិក រិះគន់ចិន និងជំរុញឱ្យស្វែងរកប្រភពពិតរបស់វីរុសនេះ។
គិតមកដល់បច្ចុប្បន្ន ពិភពលោកទាំងមូលបានរកឃើញអ្នកវិជ្ជមាននឹងCovid-19 សរុបចំនួន 136,613,721នាក់ ក្នុងនោះមានអ្នកស្លាប់ 2,948,824នាក់, អ្នកជាសះស្បើយ 109,840,495នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 23,824,402នាក់។ នេះបើតាមទំព័រ Worldometers។
ទាក់ទិននឹងបញ្ហា Covid-19 រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken កាលពីថ្ងៃទី11មេសា បានរិះគន់ចិនថា មិនបានផ្ដល់សិទ្ធិដល់ក្រុមអ្នកជំនាញអន្តរជាតិ និងមិនព្រមចែករំលែកទិន្នន័យទៅតាមពេលវេលាទាន់ហេតុការណ៍។ «ជាលទ្ធផលគឺថា បានបាត់បង់ការគ្រប់គ្រងលើវីរុសយ៉ាងឆាប់រហ័ស និងកាន់តែធ្ងន់ធ្ងរ» លោក Antony Blinken ថ្លែងដូច្នេះ។
ការថ្លែងរបស់លោក Blinken បានសង្កត់ធ្ងន់ទៅលើការរិះគន់ពីសំណាក់ក្រុមមន្ត្រីរបស់លោក Joe Biden សំដៅលើទៅក្រុងប៉េកាំង នាពេលថ្មីៗនេះ ក្នុងនោះក៏មានការយល់ឃើញថា ចិនខ្វះតម្លាភាពក្នុងគ្រាដំបូងនៃវិបត្តិសុខភាព។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃទី30មីនា បានឱ្យដឹងថា ទិន្នន័យជាច្រើនមិនត្រូវបានផ្ដល់ដល់ក្រុមអ្នកជំនាញរបស់ WHO នៅក្នុងដំណើរស្វែងរកប្រភពវីរុសCovid-19 នៅប្រទេសចិន ហើយថា បញ្ហាជាច្រើនទៀតត្រូវការការស្រាវជ្រាវបន្ថែម។
«ប្រការសំខាន់គឺត្រូវតែមានលទ្ធផលចុងក្រោយដែលប្រាកដប្រជាអំពីរបៀបដែលវីរុសផ្ទុះឆ្លងរាលដាល។ យើងត្រូវការធ្វើដូច្នេះដើម្បីយល់ច្បាស់អំពីអ្វីដែលបានកើតឡើង និងទប់ស្កាត់ការកើតឡើងជាថ្មី។ នោះគឺជាមូលហេតុដែលយើងត្រូវការស្វែងយល់រហូតដល់ទីបញ្ចប់» លោក BlinKen ថ្លែងដូច្នេះ និងបានបន្តថា ចិនត្រូវតែចូលរួមកែសម្រួលប្រព័ន្ធសន្តិសុខសុខាភិបាលជាសកល ដើម្បីធានានូវតម្លាភាព និងការចែករំលែកព័ត៌មានពិត។
សហរដ្ឋអាមេរិក គឺជាសម្បុកវីរុសCovid-19 ធំជាងគេក្នុងពិភពលោក ដោយបានរកឃើញអ្នកវិជ្ជមាន 31,918,591នាក់ និងស្លាប់ 575,829នាក់។ វ៉ាក់សាំងជិត 175លានដូសត្រូវបានចាក់នៅប្រទេសនេះ រាប់ចាប់ពីដើមខែធ្នូ ឆ្នាំ2020។ ពលរដ្ឋជាង 112លាននាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិចមួយម្ជុល ស្មើនឹងជាង 1/3 នៃចំនួនប្រជាជនសរុបរបស់សហរដ្ឋអាមេរិក។
គិតមកដល់ថ្ងៃទី8មេសា ឆ្នាំ2021 ពលរដ្ឋអាមេរិកាំងជិត 20% បានចាក់វ៉ាក់សាំងបង្ការ Covid-19 រួចរាល់។ ក្រុមហ៊ុន Pfizer កាលពីថ្ងៃទី9 ខែមេសា បានឱ្យដឹងថា កំពុងសុំច្បាប់ពីរដ្ឋាភិបាលដើម្បីប្រើប្រាស់វ៉ាក់សាំង សម្រាប់កុមារចាប់ពីអាយុ12-15ឆ្នាំ ហើយក្រុមហ៊ុនក៏នឹងដាក់សំណើដូចគ្នានេះទៅកាន់ស្ថាប័នដទៃទៀតនៅទូទាំងពិភពលោក នាពេលខាងមុខ៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា