រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី10មេសា ឆ្នាំ2021 បានចេញសេចក្ដីប្រកាសណែនាំឱ្យផ្អាកការលក់គ្រឿងស្រវឹង និងហាមមិនឱ្យទទួលអតិថិជនចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ជាបណ្ដោះអាសន្ន រយៈពេល2សប្ដាហ៍។
បំរាមបណ្ដោះអាសន្នដែលត្រូវបានរដ្ឋបាលរាជធានីធ្វើឡើង មានចំនួន 3ប្រការ រួមមានដូចខាងក្រោម៖
ទីមួយ៖ គ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូចអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល 2សប្ដាហ៍ រាប់ចាប់ពីថ្ងៃទី11មេសា ឆ្នាំ2021 ដល់ថ្ងៃទី24មេសា ឆ្នាំ2021។
ទីពីរ៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកបណ្ដោះអាសន្នចំពោះការទទួលអតិថិជនចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែ អាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។
ទីបី៖ ដើម្បីធានាឱ្យសេចក្ដីណែនាំខាងលើ ត្រូវបានអនុវត្តពេញលេញ រដ្ឋបាលរាជធានីបានស្នើឱ្យមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ សហការគ្នាដើម្បីត្រួតពិនិត្យ និងអនុវត្តតាមការណែនាំនេះ។ ប្រសិនមានករណីមិនព្រមធ្វើតាមបំរាម សមត្ថកិច្ចនឹងធ្វើកិច្ចសន្យាណែនាំលើកទីមួយ ប៉ុន្តែ នឹងចាត់វិធានការរដ្ឋបាលទៅតាមច្បាប់ បើសិននៅតែបំពានជាលើកទីពីរ។ នេះបើតាមខ្លឹមសារនៃសេចក្ដីណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចុះថ្ងៃទី10មេសា ឆ្នាំ2021៕
ប្រភព៖ សាលាក្រុងភ្នំពេញ
ដកស្រង់ដោយ៖ បុត្រា