នាព្រឹកថ្ងៃទី10 ខែមេសា ឆ្នាំ2021នេះ ពីភូមិគ្រឹះក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងស្ថានភាពជំងឺCovid-19 នៅកម្ពុជា។
នៅក្នុងការថ្លែងសារពិសេសនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍អំពីចំណុចសំខាន់មួយចំនួន មានដូចខាងក្រោម៖
*អ្នកដើរលេងទាំងឡាយណាដែលធ្វើដំណើរដោយរំលោភលើបទបញ្ជាបំរាមគោចរ យានជំនិះរបស់ពួកគេនឹងត្រូវបានឃាត់ទុករយៈពេល14ថ្ងៃ និងអនុញ្ញាតឱ្យត្រលប់ទៅធ្វើចត្តាឡីស័កនៅឯផ្ទះ។ នៅពេលបានធ្វើចត្តាឡីស័កគ្រប់14ថ្ងៃ អ្នកដែលបានរំលោភលើបំរាមគោចរ អាចទៅយកយានជំនិះវិញបាន។
*សម្ដេចតេជោ បានបញ្ជាក់ថា ពលរដ្ឋដែលស្ថិតក្នុងតំបន់ត្រូវធ្វើចត្តាឡីស័ក ដោយការបិទខ្ទប់ នឹងមិនត្រូវបានទុកចោលនោះឡើយ ពោលគឺនឹងទទួលបានជំនួយសមស្រប៖ ពលរដ្ឋទាំងឡាយដែលស្ថិតក្នុងតំបន់កំពុងធ្វើចត្តាឡីស័ក នឹងទទួលបានប្រាក់ឧបត្ថម្ភជាកញ្ចប់ ចំនួន300,000រៀល។ សម្រាប់តំបន់ដែលត្រូវធ្វើចត្តាឡីស័ក នឹងទទួលបានកញ្ចប់ថវិកាជំនួយសរុប ចំនួន 5000,000,000រៀល។ ចំណែកគ្រួសារដែលត្រូវធ្វើចត្តាឡីស័ក រដ្ឋនឹងលើកលែងថ្លៃទឹក និងថ្លៃភ្លើង រយៈពេល2ខែពេញ។
*នៅក្នុងការថ្លែងសារនេះដែរ ប្រមុខរដ្ឋាភិបាលក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលើបញ្ហាមួយចំនួនដើម្បីទប់កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលពីតំបន់មួយទៅតំបន់មួយ និងពីខេត្តមួយទៅខេត្តមួយ ដោយការបិទខ្ទប់ ឬដាក់បំរាមគោចរ។ សម្ដេច បញ្ជាក់ថា ពលរដ្ឋក្នុងតំបន់ ឬភូមិដែលត្រូវបិទខ្ទប់ដើម្បីធ្វើចត្តាឡីស័ក អាចចេញ-ចូលតំបន់នោះបាន ប៉ុន្តែត្រូវមានមូលហេតុសមស្រប ក្នុងនោះមានដូចជា ការទៅកាន់មន្ទីរពេទ្យជាដើម។
*កម្មវិធីជួបជុំ មានដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬពិធីបុណ្យជាដើម ក៏ត្រូវហាមឃាត់ជាបណ្ដោះអាសន្នផងដែរ។
*សម្ដេច ក៏បានរំលឹកឱ្យគោរពវិធានបង្ការវីរុសCovid-19៖ «3ការពារ (ពាក់ម៉ាស, លាងដៃ, រក្សាគម្លាតសុវត្ថិភាពសង្គម/បុគ្គល)» និង «3កុំ (កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើន, កុំប៉ះពាល់គ្នា)»៕
ប្រភព៖ ទទក
ដកស្រង់ដោយ៖ បុត្រា