យោងតាមសារព័ត៌មានក្នុងស្រុក សហរដ្ឋអាមេរិក បច្ចុប្បន្ន បានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ជូនដល់ពលរដ្ឋរបស់ខ្លួនប្រមាណ 66លាននាក់រួចហើយ ខណៈដែលអ្នកជំងឺចំនួន 573,849នាក់បានស្លាប់ដោយសារវីរុសនេះ។
គិតមកដល់ថ្ងៃទី8មេសា ពលរដ្ឋជិត20% នៅសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 រួចរាល់ ដែលនេះបាននាំមកនូវ «ខែលការពារ» ដល់មនុស្សប្រមាណ 66លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង 331,002,600នាក់។
កម្មវិធីចាក់វ៉ាក់សាំងបង្ការ Covid-19 របស់សហរដ្ឋអាមេរិក ត្រូវបានជំរុញយ៉ាងខ្លាំងក្លា ដោយនៅក្នុងនោះ មានវ៉ាក់សាំងជិត 175លានដូស ត្រូវបានប្រើប្រាស់ចាប់តាំងពីខែធ្នូ ឆ្នាំមុន។ ពលរដ្ឋអាមេរិកាំងជាង 112លាននាក់ ពោលគឺជាង 1/3 នៃប្រជាជនសរុប បានចាក់វ៉ាក់សាំងបង្ការ Covid-19 យ៉ាងតិចចំនួន 1ដូសរួចរាល់ហើយ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លង (CDC) របស់សហរដ្ឋអាមេរិក។
ដោយឡែក ក្រុមមន្ត្រីនៅ New York បានឱ្យដឹងថា អាជ្ញាធរនៃរដ្ឋនេះនឹងផ្ដល់ជំនួយជាទឹកប្រាក់រហូតដល់ 15,600ដុល្លារ ដល់ពលករគ្មានលិខិតស្នាមទាំងឡាយដែលរងផលប៉ះពាល់ដោយសារ Covid-19។ កាយវិការនេះអាចនាំមកនូវផលប្រយោជន៍ដល់មនុស្សជិត 300,000នាក់ នៅក្នុងរដ្ឋ New York។
គិតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងCovid-19 សរុបចំនួន 31,716,672នាក់ ក្នុងនោះមាន 573,849នាក់បានស្លាប់ និង 24,271,887នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ 6,870,936នាក់កំពុងព្យាបាល។ ក្នុងអំឡុង24ម៉ោងកន្លងទៅ សហរដ្ឋអាមេរិក ក៏បានរកឃើញអ្នកវិជ្ជមានថ្មីចំនួន 79,429នាក់ និងអ្នកស្លាប់ថ្មីចំនួន 1,002នាក់ផងដែរ៕
ប្រភព៖ CNN, Washington Post, Worldometers
ប្រែសម្រួល៖ បុត្រា