អង្គការសុខភាពពិភពលោក (WHO) មិនទាន់គាំទ្រការធ្វើដំណើរដោយប្រើប្រាស់លិខិតឆ្លងដែនCovid-19 ឬលិខិតឆ្លងដែនវ៉ាក់សាំងនៅឡើយ ដោយសារតែនៅមានមូលហេតុច្រើនយ៉ាង ខណៈពិភពលោករកឃើញមនុស្សជិត 133លាននាក់បានឆ្លងវីរុសCovid-19 ក្នុងនោះមានអ្នកជំងឺជិត 2.9លាននាក់បានស្លាប់។
Margaret Harris អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 6មេសា បានឱ្យដឹងថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ន WHO «មិនចង់ឃើញលិខិតឆ្លងដែនវ៉ាក់សាំង ក្លាយជាតម្រូវការចាំបាច់សម្រាប់ការធ្វើដំណើរចេញ-ចូលប្រទេសនោះទេ ព្រោះថា បច្ចុប្បន្នមិនទាន់ប្រាកដថា វ៉ាក់សាំងនឹងអាចទប់ស្កាត់ការឆ្លងរាលដាលបាននៅឡើយ»។ លោកស្រី Margaret Harris បន្ថែមថា ទន្ទឹមនឹងនោះគឺជា «ការព្រួយបារម្ភអំពីបញ្ហាសមាសភាព»។
មតិរបស់ WHO ត្រូវបានលើកឡើងក្នុងគ្រាដែល សិង្ហបុរី ក្លាយជាប្រទេសដំបូងគេដែលទទួលយកលិខិតឆ្លងដែនអេឡិចត្រូនិករបស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transport Association) រួមមានការទទួលស្គាល់ចំពោះការធ្វើតេស្ត និងការចាក់វ៉ាក់សាំងបង្ការCovid-19។ អ្នកដំណើរអាចចូលទឹកដីសិង្ហបុរីបាន ដោយគ្រាន់តែរាយការណ៍អំពីកម្មវិធីទូរស័ព្ទដែលមានផ្ទុកទិន្នន័យទាក់ទងនឹងCovid-19 របស់ខ្លួន ដែលមានការបញ្ជាក់ពីមន្ទីរពិសោធន៍នានាដែលគួរជាទីទុកចិត្ត។
ក្រុមហ៊ុនអាកាសចរណ៍នានាកំពុងតែសង្ឃឹមថា ប្រទេសជាច្រើននឹងទទួលស្គាល់លិខិតឆ្លងដែនអេឡិចត្រូនិកនៅលើទូរស័ព្ទឆ្លាតវៃ ដើម្បីអនុញ្ញាតឱ្យការធ្វើដំណើរត្រូវបានស្ដារឡើងវិញឆាប់រហ័ស និងចៀសវាងការបំពេញ និងត្រួតពិនិត្យបែបបទដ៏ស្មុគស្មាញ និងយឺតយ៉ាវនៅឯព្រលានយន្តហោះ។
គិតមកដល់បច្ចុប្បន្ន ពិភពលោកទាំងមូលបានរកឃើញអ្នកវិជ្ជមាននឹងCovid-19 សរុបចំនួន 133,009,551នាក់ ក្នុងនោះមាន 2,885,279នាក់បានស្លាប់, 107,255,216នាក់ជាសះស្បើយ និង 22,869,852នាក់កំពុងព្យាបាល។ ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 6មេសា ពិភពលោកក៏បានរកឃើញអ្នកជំងឺCovid-19 ថ្មី ចំនួន 574,753នាក់ និងអ្នកស្លាប់ថ្មីដោយសារវីរុសនេះ ចំនួន 11,779នាក់ផងដែរ៕
ប្រភព៖ Reuters, AFP, Worldometers
ប្រែសម្រួល៖ បុត្រា