ពិភពលោករកឃើញជិត 131លាននាក់ឆ្លងវីរុស, ជាង 2.8លាននាក់បានស្លាប់ដោយសារ Covid-19 ក្នុងនោះ ករណីឆ្លងថ្មីក្នុងសប្ដាហ៍កន្លងបានកើននៅគ្រប់ទីកន្លែង ប៉ុន្តែ នៅទាបជាងបើធៀបនឹងខែមករា។
ពិភពលោកទាំងមូល មានអ្នកឆ្លងCovid-19 សរុបចំនួន 130,791,702នាក់ និងអ្នកស្លាប់ចំនួន 2,849,976នាក់ ក្នុងនោះមានអ្នកឆ្លងថ្មី 626,703នាក់
និងស្លាប់ថ្មី 10,191នាក់ ខណៈ 105,288,757នាក់ជាសះស្បើយ និង 22,652,969នាក់កំពុងទទួលការព្យាបាល។
ជាមធ្យម ករណីឆ្លងថ្មីប្រចាំថ្ងៃ កើន 582,000នាក់ ស្មើនឹង 11% ក្នុងសប្ដាហ៍កន្លង នេះបើតាមស្ថិតិរបស់ AFP។ ការកើនឡើងនេះបានចាប់ផ្ដើមតាំងពីមួយខែមុន ប៉ុន្តែ តួលេខអ្នកឆ្លងថ្មីបច្ចុប្បន្ន នៅតែទាបជាងតួលេខ 743.600នាក់នៃករណីឆ្លងថ្មីប្រចាំថ្ងៃក្នុងសប្ដាហ៍មួយដែលរាប់ពីថ្ងៃទី 5-11 ខែមករា។
ករណីវិជ្ជមានថ្មីកើន 32% នៅទ្វីបអាស៊ី, 15% នៅសហរដ្ឋអាមេរិក និងកាណាដា, 9% នៅអឺរ៉ុប, 6% នៅអាហ្វ្រិក អាមេរិកខាងត្បូង និងតំបន់ ការីប៊ីន, 2% នៅតំបន់មជ្ឈិមបូព៌ា។
នៅទ្វីបអូសេអានី ករណីឆ្លងថ្មីថយចុះ 31% ក្រោយពីការកើនឡើងយ៉ាងខ្ពស់កាលពីសប្ដាហ៍មុននៅប្រទេសប៉ាពួនូវហ្គីណេ។ ប្រទេសផ្សេងៗក្នុងតំបន់នេះ ស្ទើរតែលែងមានវត្តមាន Covid-19 ទៅហើយ។
ទុយនេស៊ីគឺជាប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេបង្អស់ក្នុងសប្ដាហ៍កន្លង ដោយមានជាង 1,000ករណី ស្មើនឹងកំណើន 77% ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃកាលពីសប្ដាហ៍មុន។ ប្រទេសអាស៊ែបៃហ្សង់, បង់ក្លាដែស, អាហ្សង់ទីន និង ក្រូអាស៊ី តាមពីក្រោយទុយនេស៊ី។
តំបន់វ៉ែសបែងគឺជាទីដែលមានករណីវិជ្ជមានថ្មីថយចុះជាងគេ (40%) ប៉ុន្តែ នៅតែស្ថិតក្នុងមធ្យមភាគ 1,000ករណី/ថ្ងៃ។
ប្រេស៊ីលគឺជាប្រទេសដែលមានករណីស្លាប់ និងវិជ្ជមានថ្មីច្រើនជាងគេក្នុងសប្ដាហ៍កន្លង ដោយមធ្យមភាគនៃករណីស្លាប់ថ្មីជារៀងរាល់ថ្ងៃមានចំនួន 3,117នាក់។ ឈរលេខពីរគឺសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ជាមធ្យម 962នាក់ក្នុងមួយថ្ងៃ៕
ប្រភព៖AFP
ប្រែសម្រួល៖ បុត្រា