ក្រុមមន្ត្រីសុខាភិបាលនៃចក្រភពអង់គ្លេស បានរកឃើញមនុស្សចំនួន 30នាក់ ដែលមានបញ្ហាកកឈាម បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន AstraZeneca។
នាយកដ្ឋានគ្រប់គ្រងឱសថ និងផលិតផលថែទាំសុខភាពអង់គ្លេស (MHRA) កាលពីថ្ងៃទី 1មេសា បានឱ្យដឹងថា ពួកគេបានរកឃើញមនុស្សចំនួន 22នាក់ ដែលមានបញ្ហាឈាមកកនៅក្នុងសរសៃឈាមខួរក្បាល ជាជំងឺកកឈាមមួយប្រភេទដែលកម្រកើតមាន រួមនឹងករណីកកឈាមចំនួន 8នាក់ផ្សេងទៀតដែលទាក់ទិននឹងបញ្ហាប្លាកែត (platelets or thrombocytes) នៅក្នុងចំណោមវ៉ាក់សាំង AstraZeneca ចំនួន 18.1លានម្ចុល ដែលត្រូវបានចាក់។ ពុំមានរបាយការណ៍ណាមួយ ស្ដីអំពីបញ្ហាកកឈាម បន្ទាប់ពីបានចាក់វ៉ាក់សាំងរបស់ BioNTech និង Pfizer នោះទេ។
តួលេខាខាងលើនេះ ខ្ពស់ជាងច្រើនដង បើធៀបនឹងតួលេខដែលត្រូវបាន MHRA ប្រកាសកាលពីថ្ងៃទី 18មីនា ដែលថា ខ្លួនបានរកឃើញបញ្ហកកឈាមចំនួន 5ករណី នៅក្នុងចំណោមវ៉ាក់សាំង 11លានម្ជុលដែលត្រូវបានចាក់ ពោលគឺប្រហាក់ប្រហែលនឹងអត្រា 1/1000,000នាក់។
វ៉ាក់សាំងបង្ការ Covid-19 ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេសនេះ ត្រូវបានអនុម័តឱ្យប្រើប្រាស់បន្ទាន់ ឬដាក់ឱ្យចរាចរនៅលើទីផ្សារនៃប្រទេសជាង 50 ក្នុងពិភពលោក ក្នុងនោះមានទាំងអង់គ្លេស និងសហភាពអឺរ៉ុប (EU) ផងដែរ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា