ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃពុធ ទី31 មីនាម្សិលមិញ បានកំណត់ការប្រើវ៉ាក់សាំងការពារកូវីដ-19 របស់អ៊ែស្ត្រាហ្សេនេកា ចំពោះតែបុគ្គលដែលមានអាយុ 60ឆ្នាំឡើង ដូចគ្នានឹងក្រុមគោលដៅចម្បងៗដទៃទៀត បន្ទាប់ពីមានរបាយការណ៍ពាក់ព័ន្ធនឹងភាពប្រឈមនឹងសភាវដុំឈាមញ៉ុកណែន។
លោកស្រី អ៊ែនជេឡា មើរកែល នាយករដ្ឋមន្ត្រីនៃប្រទេសអាល្លឺម៉ង់បានថ្លែងព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា “យើងចាំបាច់ត្រូវតែអាចជឿទុកចិត្តលើវ៉ាក់សាំងបាន ហើយភាពគ្មានការលាក់លៀម គឺជាវិធីដែលល្អបំផុត ក្នុងការទប់ទល់នឹងស្ថានការណ៍បែបនេះ”
ក្នុងសកម្មភាពដែលដំណើរការ ទៅតាមការណែនាំរបស់គណៈកម្មការផ្នែកវ៉ាក់សាំងរបស់អាល្លឺម៉ង់ ឬដែលហៅថា STIKO ខាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់រដ្ឋបាលកណ្ដាល និងប្រចាំរដ្ឋផ្សេងៗ យល់ឃើញដូចគ្នាថា គួរតែឱ្យវ៉ាក់សាំងកូវីដ-19 របស់អ៊ែស្ត្រាហ្សេនេកា ចំពោះបុគ្គលដែលមានអាយុតិចជាង 60ឆ្នាំ នៅពេលដែលបុគ្គលទាំងនោះ ស្ថិតក្នុងក្រុមគោលដៅលំដាប់ដំបូងៗគេ ដែលក្នុងនោះរួមទាំងអ្នកជំងឺដែលមានភាពប្រឈមខ្ពស់ និងបុគ្គលិកសុខាភិបាល ក្រោមការណែនាំប្រឹក្សារបស់ពេទ្យ។
សម្រាប់បុគ្គលដែលមានអាយុទាបជាង 60ឆ្នាំ ដែលបានទទួលវ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ដូសដំបូងរួចទៅហើយ មានជម្រើសគឺ ចាក់វ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ដូសទី2 តាមផែនការចាស់ បើសិនជាពួកគេស្ថិតក្នុងក្រុមមនុស្សគោលដៅលំដាប់ដំបូងៗ ឬមិនទេ ក៏រង់ចាំឱ្យខាង STIKO ចេញការណែនាំម្ដងទៀតជាមុនសិន ដែលគេរំពឹងថា នឹងធ្វើឡើងក្នុងអំឡុងចុងខែមេសា។
ទាំងអស់នេះ STIKO កំពុងសម្លឹងមើលទៅដល់ភាពអាចទៅរួច របស់ការចាក់វ៉ាក់សាំង ដូសទី2 ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេងជំនួសវិញ។
ការកំណត់ថ្មី ពាក់ព័ន្ធនឹងការប្រើវ៉ាក់សាំងរបស់អ៊ែស្ត្រាហ្សេនេកានេះ បានបង្កភាពខាតបង់ដល់គ្រោងការចាក់វ៉ាក់សាំងរបស់ប្រទេសអាល្លឺម៉ង់ ដោយសារតែកាលពីពេលមុននេះ បានដំណើរការយ៉ាងយឺតយ៉ាវស្រាប់រួចទៅហើយ។
យ៉ាងណាក៏ដោយ អាល្លឺម៉ង់ នឹងអនុញ្ញាតឱ្យបុគ្គលអាយុ 60ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ក្នុងការព្យាយាមពន្លឿនគ្រោងការចាក់វ៉ាក់សាំងឱ្យប្រជាជនទូទៅ ដែលរហូតមកដល់ពេលនេះ ទើបតែស្ថិតក្នុងដំណាក់កាល ចាក់វ៉ាក់សាំងឱ្យមនុស្សចាស់ វ័យ 70ឆ្នាំឡើង និងបុគ្គលផ្សេងៗ ដែលស្ថិតក្នុងក្រុមគោលដៅលំដាប់ដំបូងៗគេប៉ុណ្ណោះ។
ការសម្រេចចិត្ត (ផ្អាកចាក់វ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ឱ្យក្រុមមនុស្សវ័យកំលោះ-ក្រមុំ) នេះ ចាប់ផ្ដើមមានឡើង ក្រោយពីស្ថាប័ន Paul Ehrlich Institute ឬ PEI) ដែលជាអង្គភាពផ្នែកវ៉ាក់សាំង របស់ប្រទេស បានរាយការណ៍បន្ថែមពាក់ព័ន្ធនឹងករណីកំណកឈាមញ៉ុកណែន ដែលហៅថា សភាវសរសៃឈាមខ្មៅក្នុងខួរក្បាលញ៉ុកណែន(Cerebral Sinus Vein Thrombosis ឬ CSVT)។
ស្ថាប័ន PEI បានទទួលរបាយការណ៍ករណី CSVT ចំនួន 31ករណី ដែលលទ្ធផលក៏គឺ មានអ្នកស្លាប់ 9នាក់ ពីចំណោមប្រជាជនប្រមាណ 2.7លាននាក់ ដែលបានចាក់វ៉ាក់សាងអ៊ែស្ត្រាហ្សេនេកា ដោយទាំងអស់នេះ លើកលែង 2ករណី ពាក់ព័ន្ធនឹងស្ត្រី អាយុចន្លោះ20 ដល់ 63ឆ្នាំ។
គួរបញ្ជាក់ដែរថា ដោយសារតែការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលដំបូងៗ បានកំណត់ការប្រើចំពោះតែបុគ្គលអាយុទាបជាង 65ឆ្នាំ ដូច្នេះទើបក្នុងបណ្ដាអ្នកដែលបានទទួលវ៉ាក់សាំងរួចហើយ សុទ្ធតែជាមនុស្សវ័យកំលោះ-ក្រមុំ ជាពិសេសបុគ្គលិកសុខាភិបាល និងក្រុមគ្រូបង្រៀន៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែ និងសម្រួលដោយ តាវ៉ែនតា