ក្រសួងសុខាភិបាលវៀតណាម កំពុងត្រៀមសិក្សាស្រាវជ្រាវដើម្បីធ្វើចត្តាឡីស័កឱ្យបានសមស្របសម្រាប់អ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ទន្ទឹមនឹងការត្រៀមសេណារីយ៉ោសម្រាប់ការប្រើប្រាស់ «លិខិតឆ្លងដែនវ៉ាក់សាំង» នាពេលខាងមុខ។
គិតមកដល់ថ្ងៃទី 31មីនា 2021 នៅប្រទេសវៀតណាម មនុស្សចំនួន 49,743នាក់ បានទទួលការចាក់វ៉ាក់សាំងCovid-19 រួចរាល់ហើយ ក្នុងនោះមានមន្ត្រីក្រសួងសុខាភិបាល បុគ្គលិកសុខាភិបាលដែលកំពុងព្យាបាលអ្នកជំងឺCovid-19, បុគ្គលិកសុខាភិបាលផ្នែកយកសំណាក ផ្នែកធ្វើតេស្តសំណាក និងអ្នកតាមរកអ្នកជំងឺ, សមាជិកអង្គភាពគ្រប់គ្រងសហគមន៍Covid-19 និងគណៈកម្មការទប់ស្កាត់Covid-19។
វៀតណាម បច្ចុប្បន្នមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 2,603នាក់ ក្នុងនោះមាន 35នាក់បានស្លាប់ និង 209នាក់កំពុងសម្រាកព្យាបាល។
ទាក់ទងនឹងបញ្ហា «លិខិតឆ្លងដែនវ៉ាក់សាំង» អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ឱ្យដឹងថា ក្រសួងកំពុងធ្វើការជាមួយក្រុមមន្ត្រីជំនួញ និងវិស័យសិក្សាស្រាវជ្រាវ ពិនិត្យរបាយការណ៍របស់គណៈកម្មការទប់ស្កាត់ Covid-19 និងរបាយការណ៍របស់រដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពជូនប្រជាជននៅពេលបើកទ្វារសេដ្ឋកិច្ច និងទទួលអ្នកដំណើរបរទេស។
ផែនការដំបូងរបស់វៀតណាម គឺការប្រើប្រាស់វិធីសាស្ត្រធ្វើចត្តាឡីស័កប្រកបដោយភាពសមស្របចំពោះអ្នកដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងតែត្រៀមសេណារីយ៉ោសម្រាប់ការប្រើប្រាស់ «លិខិតឆ្លងដែនវ៉ាក់សាំង» នាពេលខាងមុខផងដែរ។
យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា បញ្ហា «លិខិតឆ្លងដែនវ៉ាក់សាំង» ត្រូវតែមានការពិនិត្យ ពិចារណាឱ្យបានម៉ត់ចត់រវាងផលប្រយោជន៍នឹងហានិភ័យ៕
ប្រភព៖ TP
ប្រែសម្រួល៖ បុត្រា