ដូចដែលបានគ្រោងទុក វ៉ាក់សាំងបង្ការ Covid-19 ឈ្មោះ Sinopharm ដែលផលិតដោយប្រទេសចិន និងជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន បានមកដល់ និងត្រូវបានប្រគល់ជូនកម្ពុជារួចរាល់ហើយ។
ពិធីប្រគល់ និងទទួលជំនួយជាវ៉ាក់សាំង ដែលត្រូវបានរៀបចំនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
កញ្ចប់ជំនួយជាវ៉ាក់សាំងបង្ការ Covid-19 លើកទីពីរនេះ មានចំនួន 7សែនដូស ដូច្នេះ បច្ចុប្បន្ន កម្ពុជាបានទទួលជំនួយជាវ៉ាក់សាំងពីប្រទេសចិន សរុបចំនួន 1.3លានដូស។ កញ្ចប់ជំនួយថ្មីនេះនឹងត្រូវបែងចែកទៅឱ្យក្រសួងសុខាភិបាលចំនួន 4សែនដូស និងក្រសួងការពារជាតិចំនួន 3សែនដូស៕