កម្ពុជា បាន និងកំពុងរៀបចំពិធីត្រៀមទទួលវ៉ាក់សាំងបង្ការវីរុស Covid-19 ជាជំនួយលើកទីពីររបស់ចិន ដែលនឹងមកដល់កម្ពុជានៅថ្ងៃនេះ។
រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 នេះ នឹងផ្តល់ជូនជាលើកទីពីរនូវវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) បង្ការជំងឺ Covid-19 ចំនួន 7សែនដូស ដល់កម្ពុជា។ ជំនួយនេះនឹងត្រូវបានដឹកតាមយន្តហោះរបស់កងទ័ពអាកាសនៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
វ៉ាក់សាំង Sinopharm របស់ចិន ត្រូវបានក្រុមហ៊ុនផលិតប្រកាសថា មានប្រសិទ្ធភាពក្នុងអត្រា 79.34% ក្នុងការសាកល្បងដំណាក់កាលទីបីលើមនុស្ស។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងយុទ្ធនាការចាក់វ៉ាក់សាំង កាលពីពេលថ្មីៗនេះ ក៏ធ្លាប់មានប្រសាសន៍ថា កន្លងមក វ៉ាក់សាំង Sinopharm របស់ចិន មិនទាន់មានសេចក្ដីរាយការណ៍ណាបង្ហាញថា បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដែលបានចាក់នៅឡើយ។
សូមរំលឹកថា វ៉ាក់សាំង Sinopharm កញ្ចប់ទី 1 ចំនួន 6សែនដូសដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាលចិន បានមកដល់កម្ពុជា កាលពីថ្ងៃទី7 ខែកុម្ភៈ ក្នុងនោះ វ៉ាក់សាំងចំនួន 3សែនដូសត្រូវបានប្រើប្រាស់សម្រាប់ក្រសួងសុខាភិបាល និង 3សែនដូសទៀតសម្រាប់ក្រសួងការពារជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា