យោងតាមប្រភពព័ត៌មានពីទីក្រុង Ottawa ក្រុមមន្ត្រីសុខាភិបាលនៃប្រទេសកាណាដា កាលពីថ្ងៃទី 29មីនា បានឱ្យដឹងថា ប្រទេសនេះផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់មនុស្សវ័យក្រោម 55ឆ្នាំ និងស្នើឱ្យមានការវិភាគថ្មីអំពីផលប្រយោជន៍ ក៏ដូចជាហានិភ័យដែលបង្កឡើងដោយវ៉ាក់សាំងនេះ ដោយយោងទៅលើវ័យ និងភេទ។
ឥរិយាបថខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនពីអឺរ៉ុបទាក់ទងនឹងករណីកកឈាមដ៏កម្រជួប ប៉ុន្តែមានភាពធ្ងន់ធ្ងរ និងករណីស្លាប់មួយចំនួនបន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZeneca ដែលភាគច្រើនកើតឡើងលើស្ត្រីវ័យក្មេង។ បច្ចុប្បន្ន មិនទាន់មានករណីដូចនេះត្រូវបានរាយការណ៍នៅកាណាដានៅឡើយ ក្រោយពីវ៉ាក់សាំង AstraZeneca ប្រមាណ 307,000ដូស ត្រូវបានប្រើប្រាស់។
«យើងកំពុងផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca សម្រាប់មនុស្សដែលមានវ័យក្រោម 55ឆ្នាំ ដើម្បីរង់ចាំលទ្ធផលនៃការវិភាគអំពីផលប្រយោជន៍ និងហានិភ័យរបស់វ៉ាក់សាំងនេះ» Haoard Njoo មន្ត្រីសុខាភិបាលមួយរូបរបស់កាណាដា ឱ្យដឹងដូច្នេះ។ លោក Njoo សង្កត់ធ្ងន់ថា កាណាដាសម្រេចធ្វើដូច្នេះគឺដោយសារមានវ៉ាក់សាំងផ្សេងពីនេះសម្រាប់ជំនួស។ វ៉ាក់សាំងបង្ការ Covid-19 ដែលកាណាដាកំពុងប្រើប្រាស់ ភាគច្រើនគឺវ៉ាក់សាំងរបស់ Pfizer Inc និង Moderna Inc.។
ក្រុមប្រឹក្សាជាតិស្ដីអំពីយុទ្ធនាការចាក់វ៉ាក់សាំង (National Advisory Committee on Immunization/NACI) របស់កាណាដា បានឱ្យដឹងថា អត្រានៃការកើតបញ្ហាកកឈាមក្រោយការចាក់វ៉ាក់សាំង AstraZeneca នៅតែមិនទាន់ច្បាស់លាស់។
ប្រទេសជាច្រើននៅអឺរ៉ុប បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca ក្នុងរយៈពេលខ្លីកាលពីដើមខែនេះ ដើម្បីស្រាវជ្រាវលើបញ្ហាកកឈាម។ ប៉ុន្តែ ក្រោយមក ស្ទើរតែទាំងអស់នៃប្រទេសទាំងនេះ បានប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញ។ ដោយឡែក ប្រទេសបារាំងយល់ថា គួរតែចាក់វ៉ាក់សាំងរបស់ AstraZeneca ដល់មនុស្សដែលមានវ័យចាប់ពី 55ឆ្នាំឡើងទៅតែប៉ុណ្ណោះ ដោយយោងទៅតាមភ័ស្ដុតាងដែលបង្ហាញថា បញ្ហាកកឈាមមានផលប៉ះពាល់ដល់មនុស្សដែលមានវ័យនៅក្មេង។
គិតត្រឹមថ្ងៃទី 28មីនា មនុស្សយ៉ាងតិច 666,635នាក់នៅកាណាដា បានទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 រួចរាល់ ដែលនេះគឺស្មើនឹង 1.8% នៃប្រជាជនសរុបរបស់ប្រទេសនេះ។ បច្ចុប្បន្ន តួលេខអ្នកវិជ្ជមាននឹង Covid-19 នៅកាណាដា បានឡើងដល់ជាង 971,700នាក់ ក្នុងនោះមាន 22,900នាក់បានបាត់បង់ជីវិត។
នៅទូទាំងពិភពលោកឯណោះវិញ គិតត្រឹមព្រឹកថ្ងៃទី 30មីនា 2021 មានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួនជាង 128,231,000នាក់ ក្នុងនោះមានអ្នកស្លាប់ប្រមាណ 2,803,900នាក់ និងកំពុងព្យាបាលចំនួនជាង 21,987,800នាក់៕
ប្រភព៖ CBC
ប្រែសម្រួល៖ បុត្រា