ក្រសួងសុខាភិបាលកម្ពុជា ថ្ងៃនេះបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីចំនួន 96នាក់ នាំឱ្យតួលេខសរុបកើនដល់ជិត 2,000នាក់។ ក្នុងថ្ងៃនេះដែរ ក៏មានមន្ត្រីនគរបាលចរាចរណ៍ម្នាក់បានស្លាប់ដោយសារវីរុស Covid-19។
យោងតាមក្រសួងសុខាភិបាល មន្ត្រីនគរបាលចរាចរណ៍ដែលបានស្លាប់ខាងលើនេះ មានអាយុ 55ឆ្នាំ និងមានទីលំនៅក្នុងភូមិក្តីចាស់ ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍20កុម្ភៈមក មានមន្ត្រីនគរបាលចំនួន 3នាក់ហើយដែលបាត់បង់ជីវិតដោយសារ Covid-19 ហើយក្រៅពីនេះក៏នៅមាន 6នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គិតមកដល់ថ្ងៃទី 26មីនា ឆ្នាំ2021 កម្ពុជាមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,968នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 8នាក់, អ្នកជាសះស្បើយ 1,074នាក់ និងអ្នកកំពុងព្យាបាលចំនួន 884នាក់។